លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ក្នុងជំនួបពិភាក្សា ដើម្បីសិក្សាឈ្វេងយល់ អំពី “ការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌របស់អាជ្ញាធរខេត្ត”។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នាងខ្ញុំសូមអនុញ្ញាតជម្រាបជូន ឯកឧត្តមប្រធានប្រតិភូ និងគណៈប្រតិភូ បានជ្រាប ដោយសង្ខេបអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រនៅក្នុងខេត្តកោះកុងដូចខាងក្រោម ខេត្តកោះកុង មានចម្ងាយ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រថៃ និងប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់។ ដែនដីរដ្ឋបាលខេត្តកោះកុង ចែកជា ១ក្រុងមាន៣សង្កាត់ ៦ស្រុក មាន២៦ឃុំ និងមានភូមិចំនួន១១៩ភូមិ។
គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ នេះ នៅទូទាំងខេត្តមានគ្រួសារសរុបចំនួន ៣៦,៦០៨គ្រួសារ មានប្រជាជនសរុបចំនួន ១៥៦,១០៧នាក់ ក្នុងនោះស្រីមានចំនួន ៧៨,៧២២នាក់ និងមានដង់ស៊ីតេប្រជាជន១៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋ រួមមាន៖ ផែ្នកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមាណ៥៦.១% ផ្នែកសេវាកម្មនិងពាណិជ្ជកម្ម ប្រមាណ៤៣.៥% ផ្នែកសិប្បកម្ម និងមានមុខរបរបន្ទាប់បន្សំមួយចំនួន ប្រមាណ០.៤%។ បច្ចុប្បន្ននេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រជាជនក្នុងខេត្តកោះកុង ម្នាក់ៗមានចំនួន ២.១៤៨ដុល្លាសហរដ្ឋអាមេរិក ក្នុង១ឆ្នាំ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំប្រកបដោយថាមភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងទទួលបានសន្តិភាពនិងស្ថេរភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកខេត្តកោះកុងក៏បានទទួលការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែត្រូវ បានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងនេះ តាមរយៈសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា និងដោយមានកិច្ចសហការជាមួយរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យខេត្តកោះកុងទាំងមូល រក្សាបាននូវសន្តិសុខ ការងារសេដ្ឋកិច្ចសង្គមត្រូវបានលើកកម្ពស់ និងការដោះស្រាយបញ្ហាប្រឈម នានា នៅមូលដ្ឋានភាពមានភាពល្អប្រសើរ តាមរយៈការអនុវត្តតាម គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល។
ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ពិសេសជាសេនាធិការជូនក្រសួងមហាផ្ទៃ នាងខ្ញុំសូមគោរពរាយការណ៍អំពីសមិទ្ធផលការងារដែលសម្រេចបាន នាពេលកន្លងមកក្នុង ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកោះកុង ដូចខាងក្រោម ៖
-បានថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានល្អប្រសើរ ជូនប្រតិភូជាតិ អន្តរជាតិ វិនិយោគិន អ្នកធុរកិច្ច ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្ត
-បាននិងកំពុងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដោយបានបើកវគ្គបណ្តុះបណ្តាលដូចជា៖ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម និងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
-បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តគ្រប់ប្រភេទ
-ថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព
-អភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមសក្តានុពលខេត្ត
-ខិតខំដោះស្រាយបញ្ហាលំបាក និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ
-ខិតខំបម្រើសេវាសាធារណៈ និងសេវារដ្ឋបាលឱ្យបានល្អប្រសើរ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានបន្តពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ អនុក្រឹត្យ គោលនយោបាយ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាន និងបានបន្តគាំទ្រការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពក្នុងដែនសមត្ថកិច្ចខេត្តកោះកុង ក្នុងនោះកិច្ចការដែលជាអាទិភាព គឺការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, លិខិតបទដ្ឋានពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និង គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ចំពោះការទំនាក់ទំនងរវាងរដ្ឋបាលខេត្ត ជាមួយនឹងសាលាដំបូងនិងអយ្យការអមសាលាដំបូង មានកិច្ចសហការយ៉ាងល្អប្រសើរ និងពុំមានបញ្ហាប្រឈមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
ជាមួយគ្នានេះ នាងខ្ញុំសូមជម្រាបជូន ដោយសង្ខេប អំពី ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កិច្ចការវិស័យដីធ្លី និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចតទៅ៖
១. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត៖
ក.គម្រោងរបស់រដ្ឋបាលខេត្ត បានដំណើការរៀបចំគម្រោង និងកិច្ចលទ្ធកម្ម របស់ខ្លួន ចំនួន៩គម្រោង ចំណាយទឹកប្រាក់សរុប ១៣.៦៤៥.០០០.០០០ រៀល ក្នុងឆ្នាំ២០២៥ រួមមាន គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូអាសេ ចំនួន0៥ខ្សែ ប្រវែង ២.១៩៦ម៉ែត្រ គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន១ខ្សែ ប្រវែង ៦២១ម៉ែត្រ គម្រោងសាងសង់លូមូលដោះទឹកចំនួន ០២ខ្សែ ប្រវែង ៧០០ម៉ែត្រ គម្រោងសាងសង់លូកាត់ផ្លូវ ចំនួន១២កន្លែង គម្រោងជួសជុល និងថែទាំ បណ្តាញអគ្គិសនី ចំនួន ២៣៥ បង្គោល និង រៀបចំបណ្តាញឡើងវិញប្រវែង ២៥០០ម៉ែត្រ គម្រោងរៀបចំការ៉ូឡា និងចាក់បេតុងចិញ្ចើមផ្លូវ ចំនួន ០១កន្លែង គម្រោងថែទាំ និងជួសជុលសួនច្បារ ចំនួន 0១កន្លែង គម្រោងរៀបចំចេតិយឃុនឆាង ចំនួន 0១កន្លែង
ខ.គម្រោងរដ្ឋបាលក្រុង ស្រុក រដ្ឋបាលខេត្ត បានគាំទ្រដំណើរការរៀបចំគម្រោងរបស់រដ្ឋបាលក្រុង ស្រុក ចំនួន១៤គម្រោង ចំណាយទឹកប្រាក់សរុប ៥.៧៧៥.០៤០.៣៧២រៀល សម្រាប់ឆ្នាំ២០២៥ រួមមាន៖ គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ០៥ខ្សែ ប្រវែង ៣.០២០ម៉ែត្រ គម្រោងសាងសង់ផ្លូវក្រួសក្រហម ចំនួន ០៣ខ្សែ ប្រវែង ២៣.១៥៦ម៉ែត្រ គម្រោងសាងសង់លូដោះទឹក ចំនួន 0២ខ្សែ ប្រវែង ១.៧៨៩ម៉ែត្រ គម្រោងសាងសង់លូកាត់ផ្លូវចំនួន ៤ កន្លែង គម្រោងថែទាំ និងជួសជុលអគាររដ្ឋបាលក្រុង ស្រុក ចំនួន ៥ កន្លែង
គ.គម្រោងរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលខេត្ត បានគាំទ្រដំណើរការរៀបចំគម្រោង និងកិច្ចលទ្ធកម្ម របស់រដ្ឋបាលឃុំ សង្កាត់ ចំនួន៤៨គម្រោង ចំណាយទឹកប្រាក់សរុប ១០.៤៦៨.២១៨.៨៤៨ រៀល សម្រាប់ឆ្នាំ២០២៥ រួមមាន៖ គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ៤៥ខែ្ស ប្រវែង ១៤.២៣៦ម៉ែត្រ គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហមចំនួន ១៧ខ្សែ ប្រវែង ៣២.១៧១ ម៉ែត្រ គម្រោងសាងសង់លូកាត់ផ្លូវ ចំនួន ៣៦ កន្លែង គម្រោងខួងអណ្តូងបំពាក់ម៉ូទ័រ ចំនួន ០១កន្លែង គម្រោងសាងសង់សាលារៀន ២កន្លែង ស្មើនឹង ៦បន្ទប់ គម្រោងសាងសង់ស្ពានចំនួន ០១កន្លែង ស្ថិតនៅក្នុងឃុំតាតៃក្រោមឮ
២. កិច្ចការវិស័យដីធ្លី៖
ក-ការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងដែនសមត្ថកិច្ចនៃខេត្តកោះកុង បានរៀបចំ ចំនួន០៤ក្រុម ដើម្បីចុះបំពេញការងារនៅតាមមូលដ្ឋានក្រុង ស្រុកទូទាំងខេត្ត ដោយបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារជាប្រចាំ និងទទួលបានលទ្ធផលដូចខាងក្រោម៖ បំពេញទម្រង់បែបបទបាន ចំនួន ២.៧៧៤ ក្បាលដី គូសក្រាហ្វិកបានចំនួន ៤.៧០៣ ក្បាលដី ចេញលេខក្បាលដីបាន ចំនួន ៩.៧៦៤ ក្បាលដី វាស់វែងបានចំនួន ៩.៧៦៤ ក្បាលដី បញ្ជូលទិន្នន័យបានចំនួន ០០ក្បាលដី ចែកប័ណ្ណបានចំនួន ១៤៧ ប័ណ្ណ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងស្រុកកោះកុង ស្រុកបូទុមសាគរ ស្រុកស្រែអំបិល និងស្រុកគីរីសាគរ បានចំនួន១៧ភូមិ និងអនុវត្តបានប្រមាណ៨០%។
រដ្ឋបាលខេត្ត បានស្នើសុំគោលការណ៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំកោះកាពិ ឃុំតាតៃក្រោម ស្រុកកោះកុង និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និង ជួយពន្លឿនការធ្វើប្រទានកម្មដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងសម្រេចបានប្រមាណ ៨៥%។
ខ-ការងារចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំ ដីឯកជន ចំនួន ១១៣ក្បាលដី ដីឯកជនរបស់រដ្ឋ ចំនួន ០១ក្បាលដី
គ-ការងារចុះបញ្ជីដីបន្ត
អចលនវត្ថុចុះបញ្ជីជាប្រព័ន្ធ ចុះបញ្ជីផ្ទេរសិទ្ធិ ចំនួន ៦៨៨ ក្បាលដី ចុះបញ្ជីប្រាតិភោគ ចំនួន ១៩០ក្បាលដី
អចលនវត្ថុចុះបញ្ជីដាច់ដោយដុំ ចុះបញ្ជីផ្ទេរសិទ្ធិ ចំនួន ០៧ ក្បាលដី ចុះបញ្ជីប្រាតិភោគ ចំនួន ២៩ក្បាលដី
ឃ.ការងារដោះស្រាយវិវាទដីធ្លី ក្រុមការងារនៃរដ្ឋបាលខេត្ត ក្រុមការងារក្រសួង ដ.ន.ស មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បានសហការប្រជុំត្រួតពិនិត្យដោះស្រាយបញ្ហាដីធ្លីនៅក្នុងខេត្តកោះកុង សរុបចំនួន ២៧ករណី។
៣.ការផ្តល់សេវាជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ (ផ្តោតលើការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយ) រដ្ឋបាលខេត្តកោះកុង បានបម្រើសេវាជូនប្រជាពលរដ្ឋដូចខាងក្រោម៖ តាមរយៈអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត បាន៖ ៤.៣៣៦សេវា សរុបជាទឹកប្រាក់ ៤៤៩.៤៧២.០៥០ រៀល តាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុកទាំង៧ បាន៖១៩.២៧២សេវា សរុបជាទឹកប្រាក់ ៣៣.៨២៨.០០០រៀល តាមរយៈយន្តការច្រកចេញចូលតែមួយ ឃុំ-សង្កាត់ទាំង២៩ បាន៖១០.៨៨៨សេវា សរុបជាទឹកប្រាក់១២.៦៧៩.០០០រៀល។
ជាមួយនឹងវឌ្ឍនភាពការងារ ដែលរដ្ឋបាលខេត្តកោះកុង សម្រេចបាននេះ រដ្ឋបាលខេត្ត នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា៖ បញ្ហាដីធ្លី ឬការកាប់ទន្ទ្រានដីព្រៃ នៅមូលដ្ឋាននៅតែបន្តកើតមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅមានភាពយឺតយ៉ាវ ការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅមានកម្រិតលើ ផ្នែកប្រព័ន្ធ ព័ត៌មានវិទ្យា ឌីជីថល ការអនុវត្តតួនាទី ភារកិច្ច នៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក នៅមិនទាន់អនុវត្តបាន ល្អពេញលេញនៅឡើយ ជាពិសេការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅអនុវត្តបន្ត ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា រួមមាន៖ បន្តជំរុញការសម្របសម្រួលដោះស្រាយបញ្ហានានានៅមូលដ្ឋាន ជាពិសេសបញ្ហាដីធ្លី ដែលនៅសេសសល់ បន្តជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ បន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរបស់រដ្ឋ ដែលប្រើប្រាស់ដោយមន្ទីរជំនាញ រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ឱ្យបានត្រឹមត្រូវ បន្តជំរុញ និងពង្រឹងការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធបច្ចេកវិទ្យា បន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងខិតខំកែលម្អ សោភ័ណ្ឌភាពក្នុងខេត្ត ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ បន្តពង្រឹងការអនុវត្តការងារ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
ថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥































































