សាខា កក្រក កោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង រួមដំណើរដោយ លោកស្រី ស៊ិន ចរិយយា អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុងខេមរភូមមិន្ទ ដឹកនាំក្រុមការងារសង្កាត់ដងទង់ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ខូចខាតធ្ងន់ធ្ងរ និងសម្ភារមួយចំនួន ដែល មានម្ចាស់ផ្ទះឈ្មោះ ឡោះ ម៉ៃសំ ភេទស្ត្រី អាយុ ៦៦ ឆ្នាំ ជាស្ត្រីម៉េម៉ាយ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មូលហេតុឆេះ ៖ ឆ្លងចរន្តអគ្គិសនី ។
មានប្រសាសន៍នាឱកាសនោះឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បាននាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន បងប្អូន ប្រជាពលរដ្ឋ រងគ្រោះដោយក្តីនឹករឭកអាណិតអាសូរ និងសូមចូលរួមរំលែកនូវការសោកស្តាយ ជាមួយបងប្អូនដែលបានទទួលរងគ្រោះខូចខាតនូវទ្រព្យសម្បត្តិ និង ផ្ទះសម្បែងដោយសារគ្រោះអគ្គិភ័យនេះ។ គួរបញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស តង់១ ព្រមទាំងថវិកា១លានរៀល ដោយឡែកអនុសាខាក្រុងខេមរភូមិន្ទផ្តល់ជូនហ្វីប្រូស៊ីម៉ង់ ៥០សន្លឹក ព្រមទាំងថវិកា២០ម៉ឺន ផងដែរ៕










