/ / /

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុង

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុង

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយឥតឧបមា ដែលបានចូលរួម ជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្នុងពិធីប្រកាស ចូលកាន់មុខតំណែងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុង នាពេលនេះ។
ជាបឋម ខ្ញុំសូមសម្ដែងនូវការអបអរសាទរ ចំពោះ អស់លោក លោកស្រីទាំង ១០រូប ដែលត្រូវបានតែងតាំង ប្រគល់ភារកិច្ច ផ្លាស់ប្តូរកន្លែងធ្វើការ និងឡើងតំណែង ហើយដែលត្រូវរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនេះ។
ខ្ញុំក៏សូមយកពេលវេលានេះ ថ្លែងអំណរគុណចំពោះ លោក លោកស្រីអភិបាលរងខេត្ត ដែលបានឯកភាព គាំទ្រចំពោះការរៀបចំកែសម្រួលបំពេញបន្ថែមសមាសភាពមន្ត្រីរាជការ ក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តរបស់យើង និងសូមគោរពអរគុណ ជាពិសេសចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្តទាំងអស់ ដែលបានអនុម័តគាំទ្រជាឯកច្ឆ័ន និងដោយមតិភាគច្រើនលើសលប់ ចំពោះសមាសភាពទាំងអស់ ដែលគណៈអភិបាលបានស្នើឡើង ដើម្បីនាងខ្ញុំអាចចេញដីកាតែងតាំង ប្រគល់ភារកិច្ច និងផ្លាស់ប្តូរកន្លែងធ្វើការ ជូនមន្ត្រីរាជការស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន។
នាងខ្ញុំក៏មិនភ្លេចថ្លែងអំណរគុណ ចំពោះលោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត ដែលបានពិនិត្យ និងផ្តល់អនុលោមភាពលើដីកា របស់រដ្ឋបាលខេត្តកោះកុង ក្នុងរយៈពេលមួយសមស្រប តាមគោលការណ៍កំណត់ ។
គណៈអធិបតី ! អង្គពិធីទាំងមូល ! ជាគោលការណ៍ រាល់ការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការ គឺត្រូវធ្វើឡើងផ្អែកលើគោលការណ៍ ប្រសិទ្ធភាព ប្រសិទ្ធផល ពិគ្រោះយោបល់ តម្លាភាព គណនេយ្យភាព សមធម៌ យុត្តិធម៌ អព្យាក្រឹតភាព មន្ត្រីរាជការស៊ីវិល ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវីល នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។ ដោយឡែកការតែងតាំងមុខតំណែងគ្រប់គ្រង នៃរចនាសម្ព័ន្ធរដ្ឋបាលខេត្ដ គឺត្រូវគោរពគោលការណ៍សំខាន់ៗរួមមាន ៖ ជាមន្ត្រីដែលមានឧបនិស្ស័យ និងគុណសម្បត្តិស័ក្តិសម ដែលមានសមត្ថភាព បទពិសោធន៍ការងារ ការទទួលខុសត្រូវ សីលធម៌ល្អ និងសុខភាពល្អ ជាមួយគ្នានេះក៏ត្រូវផ្អែកលើមុខតំណែងទំនេរ ទំហំការងារ ផលិតភាពការងារ គុណផលការងារ (ឬហៅថាសម្មតិកម្ម) ទំហំថវិកា និងការធានាបាននូវនិរន្តរភាពការងារ ក្នុងអង្គភាពផងដែរ។
ដោយអនុលោមតាមគោលការណ៍ ដែលចែងខាងលើនេះ នាងខ្ញុំក្នុងនាមអភិបាល នៃគណៈអភិបាលខេត្ត ដោយមានលោកនាយករដ្ឋបាលសាលាខេត្ត ជាជំនួយការបានរៀបចំផ្គូផ្គងសមាសភាពមន្ត្រីយើង ហើយឈានទៅដាក់ចូល ក្នុងកិច្ចប្រជុំគណៈអភិបាល រួចដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលខេត្ត ដែលមានចែង ក្នុងសេចក្ដីណែនាំលេខ ១៦៨/២២ ម.ស.សណន.ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ របស់ក្រសួងមុខងារសាធារណៈ។
ខ្ញុំក៏សូមយកឱកាសនេះ ជម្រាបជូនថាមន្ត្រីទាំងអស់ ដែលត្រូវធ្វើពិធីប្រកាសនាថ្ងៃនេះ គឺមិនមាននរណាម្នាក់មានកំហុសឆ្គងណាមួយនោះទេ ប៉ុន្តែវាជារឿងធម្មតា នៅក្នុងអាជីព ជាមន្ត្រីរាជការ និងភាពចាំបាច់របស់អង្គភាព ដែលមិនមានមន្ត្រីណាម្នាក់អាចកាន់មុខតំណែងមួយកន្លែងជារៀងរហូតនោះទេ តែងតែមានការផ្លាស់ប្តូរ កែសម្រួល ជាធម្មតា ហើយជាមោទនភាពបំផុត ដែលក្នុងចំណោម មន្ត្រី ១០នាក់ យើងបានដំឡើងមុខតំណែង រហូតដល់ ៨នាក់ រួមមាន ៖ នាយករងរដ្ឋបាលសាលាខេត្ត ២នាក់, នាយកទីចាត់ការ ៣នាក់, នាយករងទីចាត់ការ ១នាក់,ប្រធានការិយាល័យ ១នាក់ និងអនុប្រធានការិយាល័យ ១នាក់។ ដោយឡែក២នាក់ទៀត គឺលោក អ៊ូច ពន្លក និងលោក អ៊ួង សំអឿន គ្រាន់តែផ្លាស់ប្តូរកន្លែងធ្វើការ ដោយនៅរក្សាមុខតំណែងសមមូល ជានាយកទីចាត់ការដដែល ពោលគឺ មិនបានបន្ថយមុខតំណែងគ្រប់គ្រង របស់ គាត់នោះទេ។
ឯកឧត្ដម លោកជំទាវ លោក លោកស្រី ! គិតមកដល់ពេលនេះ នាងខ្ញុំបានទទួលការត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្ត បាន រយៈពេល ១ខែ និង៦ថ្ងៃ ប៉ុន្តែបើគិតពីថ្ងៃប្រកាសចូលកាន់មុខតំណែងគឺ ទើបតែបានរយៈពេល២៣ថ្ងៃប៉ុណ្ណោះ។ ក្នុងរយៈពេលនេះ នាងខ្ញុំទទួលបានការអបអរសាទរ និងជូនពរពី ឯកឧត្តម លោកជំទាវ លោក លោកស្រីយ៉ាងច្រើន ហើយក៏បានទទួលនូវ កិច្ចសហការការងារ យ៉ាងរលូនប្រកបដោយស្មារតីស្រលាញ់រាប់អាន និងការទទួលខុសត្រូវខ្ពស់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលធ្វើឱ្យនាងខ្ញុំអាចបំពេញការងារធំៗមួយចំនួន ទាំងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍមូលដ្ឋាន កិច្ចការព្រំដែន និងការងារគ្រប់គ្រងមន្ត្រី ព្រមទាំងការងាររដ្ឋបាលទូទៅនៅសាលាខេត្តផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ ដោយមានវត្តមានចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុកផង នាងខ្ញុំសូមយកឱកាសនេះផ្តាំផ្ញើ លោក លោកស្រី មេត្តាយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយ ស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ដោយត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗរួមមាន៖

១/ត្រូវបន្តថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ជាប្រចាំចំពោះការទុកដាក់សំរាម ការថែរក្សាអនាម័យ បរិស្ថានសាធារណៈឱ្យបានល្អប្រសើរ។
២/បន្តយកចិត្តទុកដាក់ដោះស្រាយ សំណើ សំណូមពរ របស់ប្រជាជន ក្នុងមូលដ្ឋានទាំងសេវាសាធារណៈ និងសេវារដ្ឋបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវមានស្មារតី ចងចាំថា “មន្ត្រីជាអ្នកបម្រើដ៏ស្មោះត្រង់ របស់ប្រជាជន”។៣/ស្ថិតក្នុងស្ថានភាពតានតឹង រវាងជម្លោះព្រំដែនកម្ពុជា-ថៃនាពេលនេះ ស្នើលោក លោកស្រី ត្រូវពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងមន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីជាយុវជន ដែលមានជំនាញ ក្នុងការគ្រប់គ្រងបណ្តាញសង្គម ធ្វើការរួមគ្នាចូលរួមទប់ស្កាត់ ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលជាហេតុនាំមក ការយល់ច្រឡំពីសំណាក់ប្រជាជនស្លូតត្រង់ អាចបង្កចលាចលបំពុលសង្គម ក្លាយជាគ្រោះមហន្តរាយ ដល់សុខសន្តិភាព ដែលជារតនៈវត្ថុដ៏មានតម្លៃ បំផុតសម្រាប់ប្រជាជនកម្ពុជាយើង។
៤/ត្រូវមានសាមគ្គីភាពក្នុងអង្គភាព និងក្នុងជួរមន្ត្រី លើកទឹកចិត្ត ចំពោះការខិតខំបំពេញការងារ របស់មន្ត្រីក្រោមឱវាទ ណែនាំបំពេញបន្ថែមនូវចំណុចខ្វះខាត ដាស់តឿនជាប្រចាំ ដោយ ត្រូវអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”។
អង្គពិធីទាំងមូលជាទីមេត្រី ! ជាថ្មីម្ដងទៀត ជាមួយនឹងការអបអរសាទរមន្ត្រី ដែលប្រកាសចូលកាន់តំណែងថ្មី នាងខ្ញុំ ស្នើសុំឱ្យ បងប្អូនទាំង ១០រូប បន្តខិតខំបំពេញការងារ ភារកិច្ចរៀងៗខ្លួន ដោយត្រូវគោរពតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានា គោរពឋានានុក្រម និងការចាត់តាំង របស់ប្រធានអង្គភាព រក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយតម្កល់ផលប្រយោជន៍រដ្ឋបាលខេត្តទាំងមូល ជាចម្បង ហើយសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីទាំង ១០រូប ពិតជានាំយកនូវបទពិសោធន៍សមត្ថភាព និងជំនាញរបស់ខ្លួន មកអនុវត្តក្នុងតួនាទីថ្មី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ នាងខ្ញុំស្នើដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ធ្វើការសហការឱ្យបានល្អ ជាមួយមន្ត្រីយើង ដែលទើបតែតែងតាំងថ្មី ដើម្បីឱ្យគាត់អាចបំពេញភារកិច្ច ប្រកបដោយជោគជ័យ។
ជាទីបញ្ចប់ខ្ញុំសូមអរគុណចំពោះការឆ្លៀតឱកាសអញ្ជើញចូលរួម ក្នុងពិធីប្រកាសនេះ សូមគោរពជូនពរ និងជូនពរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី មេត្តា ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/04/2026

    ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល អដ្ឋស័ក ពុទ្ធសករាជ ២៥៧០យើងខ្ញុំសូមផ្ញើក្តីនឹករឭក និងចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេង របស់វីរកងកម្លាំងទាំងអស់ ដែលបាននិងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដោយភាពអង់អាចក្លាហានបំផុត ! ពីខ្ញុំ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    01/04/2026

    របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំអ្នកពាក់ព័ន្ធ ចូលរួមបិទសិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូល​តែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦

  • មន្ទីរបរិស្ថាន/
    01/04/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងប្រតិបត្តិករមេត្រីបរិស្ថានក្នុងខេត្តកោះកុងប្រចាំឆ្នាំ២០២៦ បានចូលរួមពិធីប្រគល់ប័ណ្ណសរសើរជូនចំពោះប្រតិបត្តិករដែលចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីកម្ពុជាមានបរិស្ថាន រូបវន្តស្អាត បៃតង ភាពធន់ និងសុខមាលភាពសង្គម នៅទីស្តីការក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំស្រែអំបិល បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវ១៤៨៣ ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំជីខលើ បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិ៤៨ ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង