សាខា កក្រក ខេត្តកោះកុង ៖ នៅទីស្នាក់ការសាខា ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងសហការី រួមជាមួយក្រុមការងារបណ្តាញអ្នកផ្ទុក បានផ្តល់អំណោយមនុស្សធម៌ជូនអ្នករស់នៅជាមួយមេរោគអេដស៍ ២នាក់ ដែលកំពុងជួបការលំបាក ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះ ទន្ទឹមនិងបានពាំនាំនូវការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដោយក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។ លោកនាយកបានគូសបញ្ជាក់ថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទទាំងអស់ពេលមានសកម្មភាពទៅទីកន្លែងណា ត្រូវតែឆ្លៀតពេលចុះសួរសុខទុក្ខទៅដល់ខ្នងផ្ទះដេីម្បីរកអ្នកដែលត្រូវការឱ្យជួយពិតប្រាកដ។ ជាមួយគ្នានេះសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយអនាម័យ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយកុំបរិភោគ ផ្អែមពេក កុំប្រៃពេក និងកុំខ្លាញ់ពេក ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានា មានដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ និងជំងឺមហារីកជាដើម។ ជាមួយគ្នានេះ រដូវនេះជារដូវវស្សានិងមានភ្លៀងធ្លាក់សូមបន្តការយកចិត្តទុកដាក់ចំពោះជំងឺគ្រុនឈាម មិនត្រឹមតែកុមារនោះទេដែលអាចឆ្លង មនុស្សចាស់ក៏អាចកើតជំងឺគ្រុនឈាមដូចគ្នា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានាដែលបង្កឡើងដោយមនុស្សនិងធម្មជាតិ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មីជាតិខ្មែរ ១កេស, ទឹកបរិសុទ្ធ ១កេស, ត្រីខ ១០កំប៉ុង និងថវិកា៦ម៉ឺនរៀល។





