/ / /

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយបានធ្វើ បដិសណ្ឋារកិច្ច ប្រកបដោយគារវភក្តីដ៏ជ្រាលជ្រៅ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាស ដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់នាងខ្ញុំ ជាអភិបាល នៃគណៈអភិបាល ខេត្តកោះកុង នាពេលនេះ។
វត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត នាពេលនេះគឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ក្រៃលែង របស់រដ្ឋបាលខេត្តកោះកុងយើងខ្ញុំ និងជាកត្តាជំរុញលើកទឹកចិត្តដ៏ខ្លាំងក្លាបំផុតបន្ថែមទៀត ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ និងរូបនាងខ្ញុំផ្ទាល់ ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល មនសិការ វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការរក្សា ការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈបូរណភាពទឹកដី និងសុវត្ថិភាពជូនប្រជាជននៅក្នុងភូមិសាស្ត្រខេត្តកោះកុងរបស់យើងទាំងមូល។ នាងខ្ញុំ សូមគោរពអរគុណជាអនេក ចំពោះវត្តមាន គណៈអធិបតី ប្រតិភូអមដំណើរ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង សមាជិក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងពិធី ដ៏មានសារៈសំខាន់នេះ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ អនុញ្ញាតឱ្យទូលព្រះបង្គំនាងខ្ញុំម្ចាស់សូមសំដែង នូវ កតញ្ញូតាធម៌ចំពោះ ព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលសព្វព្រះរាជហឬទ័យឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ទូលព្រះបង្គំខ្ញុំម្ចាស់ ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងសូមសំដែងនូវក្តីគោរពដឹងគុណដ៏ជ្រាលជ្រៅ បំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងផ្តល់ទំនុកចិត្តចំពោះរូបនាងខ្ញុំ ហើយបានក្រាបបង្គំទូលថ្វាយដល់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់ តែងតាំង នាងខ្ញុំ ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ដើម្បីផ្តល់ឱកាសដល់រូបនាងខ្ញុំបានបញ្ចេញនូវសមត្ថភាព និងបទពិសោធន៍របស់ខ្លួនក្នុងការបន្តដឹកនាំ និងគ្រប់គ្រងខេត្តកោះកុង បន្តពីអភិបាលខេត្តជំនាន់មុន ឱ្យកាន់តែមានការរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ! ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីគោរព រាប់អាន! ជាការពិតណាស់ការទទួលបាននូវមុខតំណែងដ៏ឧត្តុង្គឧត្តមនាឱកាសនេះ ពិតជាមហាកិត្តិយសដ៏ធំធេង និងថ្លៃថ្លាបំផុត សម្រាប់រូបនាងខ្ញុំ ក្នុងអាជីពជាអ្នករាជការ។ ទោះបីជាកន្លងមក រូបនាងខ្ញុំធ្លាប់បានខិតខំបម្រើការងារ នៅថ្នាក់មូលដ្ឋានក្នុងខេត្តនេះស្រាប់ក្នុងតួនាទី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងជាអភិបាលរងខេត្តកោះកុងក៏ដោយ ក៏នាងខ្ញុំ គិតថាមុខតំណែងថ្មីនេះ គឺជាការចាប់ផ្តើមសាកល្បងនូវវិញ្ញាសារថ្មីមួយទៀត ដែលមានលក្ខណៈកាន់តែស៊ីជម្រៅ និង ទាមទារឱ្យរូបនាងខ្ញុំ ត្រូវតែមានការបង្កើនការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងបរិបទនៃកំណែទម្រង់លើគ្រប់វិស័យ ជាពិសេស កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងគោលដៅឆ្ពោះទៅសម្រេចឱ្យបានកាន់តែប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន ទាំងស្មារតី និងសម្ភារៈ ជាមួយនឹងការប្រកាន់យកនូវឥរិយាបថ អាកប្បកិរិយា សីលធម៌ សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់ខ្លួន ជាមន្ត្រីរាជការ និងជាអ្នកបម្រើប្រជាជនដោយភាពស្មោះត្រង់បំផុត។ ក្នុងន័យនេះ ដើម្បីជាសក្ខីភាព ឆ្លើយតបទៅនឹងការផ្តល់នូវការគាំទ្រ និងជំនឿជឿជាក់ប្រកបដោយទំនុកចិត្តពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាងខ្ញុំសូមគោរពអនុញ្ញាតធ្វើការប្តេជ្ញាចិត្ត យ៉ាងមុតមាំដូចតទៅ ៖

មួយ-ប្តេជ្ញាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ នានា ជាពិសេស ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ននានា និងលិខិតបទដ្ឋានពាក់ព័ន្ធ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ពីរ-ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ និងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព នូវគោលនយោបាយ កំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ គោលនយោបាយកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។
បី-ប្តេជ្ញាគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ នូវរាល់គោលការណ៍ ដឹកនាំ និងណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាមូលដ្ឋានដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច ក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាល ខេត្តកោះកុង ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។
បួន-ប្តេជ្ញាខិតខំពង្រឹងការអនុវត្តតួនាទី ភារកិច្ចនានា ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល ព្រមទាំងខិតខំពង្រឹងគណនេយ្យភាព និងទទួលខុសត្រូវ ក្នុងការអនុវត្តនូវរាល់សេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាខេត្ត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
ប្រាំ-ប្តេជ្ញាពង្រឹងថែរក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល មន្ត្រីរាជការ បង្កើនទំនាក់ទំនង សហការល្អជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមទាំងក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ ដើម្បីធានាឱ្យរបៀបរបបការងារ របស់រដ្ឋបាលខេត្តកោះកុង អនុវត្តការងារដោយភាពរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ប្រាំមួយ-ប្តេជ្ញាខិតខំទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយ ដែល ធ្វើឱ្យប៉ះពាល់បង្កជាការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅសុខុមាលភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមកម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា។
ប្រាំពីរ-ប្តេជ្ញាខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលតាមរយៈកិច្ចខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាព លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់ចរាចរក្នុងភូមិសាស្ត្រខេត្តកោះកុង ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថិរភាពនយោបាយ និងភាពសុខដុមរមនាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ប្រាំបី-ប្តេជ្ញាខិតខំលើកកម្ពស់ការថែរក្សា ការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ព្រមទាំងបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសជិតខាង ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ការថែរក្សាការពារបង្គោលព្រំដែន ការរក្សាការពារ បរិស្ថាន ធនធានធម្មជាតិនៅតាមតំបន់ព្រំដែន និងសេចក្តីសុខសាន្ត របស់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន។
ប្រាំបួន-ប្តេជ្ញាយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេស ការរៀបចំកែលម្អ សោភ័ណភាពទីក្រុង និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំងទី ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកកម្ពស់គុណភាព ជីវភាព រស់នៅប្រកបដោយវិបុលភាព ផាសុកភាព សុខុមាលភាព ជូនប្រជាជនទូទាំងខេត្តកោះកុង។

ចំពោះសភាពការណ៍តានតឹង រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសថៃ ក្នុងនាមជាអភិបាលខេត្តជាប់ព្រំដែន នាងខ្ញុំសូមសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមានជំនឿ ជឿជាក់យ៉ាងមុតមាំជាទីបំផុត ចំពោះចំណាត់ការក្នុងការដោះស្រាយបញ្ហាព្រំដែន ក៏ដូចជាវិធានការនានា របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ បព្វជិត សាសនា និងប្រជាជនគ្រប់ស្រទាប់ក្នុងខេត្តកោះកុង សូមប្តេជ្ញារួបរួមសាមគ្គី ជាខឿនការពារ ជាតិដ៏រឹងមាំ ការពារឱ្យខានតែបាននូវបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង។
យើងខ្ញុំត្រៀមលក្ខណៈគ្រប់បែបយ៉ាង ក្នុងការសម្របសម្រួល ជួយដល់ពលករ ដែល ត្រឡប់ពីប្រទេសថៃ ដើម្បីបានទទួលការងារធ្វើនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងខេត្តកោះកុង ដែលកំពុងត្រូវការកម្លាំងពលកម្ម ជាច្រើនពាន់កន្លែង។
ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តខាងលើនេះ នាងខ្ញុំសូមសំណូមពរ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ សូមមេត្តាបន្តគាំទ្រ និងផ្តល់នូវជំនឿទុកចិត្តលើរូបនាងខ្ញុំ ដើម្បីអាចបំពេញការងារឱ្យ អស់ពីសមត្ថភាពក្នុងបេសកកម្មដ៏ធំធេងនេះទទួលបានជោគជ័យសម្រាប់ជាតិ មាតុភូមិ និងប្រជាជន ជាពិសេសខេត្តកោះកុងរបស់យើង។ ជាមួយគ្នានេះ នាងខ្ញុំរង់ចាំ គោរពទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលបន្តិចទៀតនេះ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ និងជាត្រីវិស័យក្នុងការអនុវត្ត តួនាទី និងភារកិច្ច ក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលខេត្តកោះកុង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីនាងខ្ញុំបានបន្តប្រពៃណីដឹកនាំល្អ ពីលោកជំទាវ មិថុនា ភូថង ដែលលោកជំទាវ បានខិតខំដឹកនាំខេត្តកោះកុង ប្រកបដោយជោគជ័យ ក្នុងរយៈពេល ២អាណត្តិកន្លងទៅ។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ។
សូមប្រសិទ្ធពរជ័យ ជូនគណៈអធិបតី គណៈប្រតិភូអមដំណើរ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីបានជាមូលដ្ឋាន សម្រាប់ការបំពេញតួនាទី ភារកិច្ច នាពេលខាងមុខឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ឯកឧត្តមអភិសន្តិបណ្ឌិត មេត្តាថ្លែងនូវប្រសាសន៍សំណេះសំណាល់ និងផ្តល់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់។ សូមគោរពអញ្ជើញ !
ថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    06/04/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង លោកអភិបាលរងស្រុក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

  • រដ្ឋបាលស្រុកថ្មបាំង/
    06/04/2026

    លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំ អនុគណៈកម្មការស្ដង់ផលិតផលក្នុងស្រុក និងស្តង់លក់ម្ហូបអាហារខ្មែរ និងវត្ថុអនុស្សាវរីយ៍

  • រដ្ឋបាលស្រុកស្រែអំបិល/
    06/04/2026

    លោកស្រី​ អ៊ុន​ មករា​ អភិបាលរងស្រុក​ តំណាងលោក​ ជា​ ច័ន្ទកញ្ញា​ អភិបាល​ នៃគណៈអភិបាលស្រុកស្រែអំបិល​ អញ្ជើញចូលរួមកិច្ចប្រជុំ​ ស្ដីពីការចុះបញ្ជីសារពើភណ្ឌទ្រ្យសម្បត្តិរដ្ឋ​ តារាងកើនឡើង​ ថយចុះឆ្នាំ២០២៥​ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ SARMIS_V2​

  • ហេង គីមឆន/
    06/04/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានទទួលស្វាគមន៍ប្រតិភូខេត្តអានហ្សាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក ង្វៀន ថាញ់អឹន មេបញ្ជាការរង យោធាខេត្តអានហ្សាងអញ្ជើញមកសួរសុទុក្ខ សំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    06/04/2026

    លោក អាន គួង ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការចុះបញ្ជីសារពេីភណ្ឌទ្រព្យរដ្ឋ

  • រដ្ឋបាលស្រុកស្រែអំបិល/
    06/04/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកអភិបាលរងស្រុក បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា