លោក អ៊ូច ទូច ប្រធានធម្មការនិងសាសនា អញ្ជើញចូលរួមពិធីអបអរសាទរ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាយ បូរិន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានការយាងពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ។
ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បានប្រព្រឹត្តទៅប្រកបដោយមហាសាមគ្គីធម៌ដ៏ទូលំទូលាយ និងស្និទស្នាល ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ ទន់ភ្លន់ ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានដឹកនាំ និងផ្តល់នូវសិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ជាកាលានុវត្តភាពដ៏ល្អសម្រាប់ការអភិវឌ្ឍព្រះពុទ្ធសាសនា និងការចូលថែរក្សាសន្តិភាព។
ក្រសួងធម្មការនិងសាសនា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តោតលើអាទិភាពសំខាន់ៗគឺ ៖ ១-ការលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាពិសេសពុទ្ធិកសិក្សា ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ៦៨ រដ្ឋ ជួយផ្សព្វផ្សាយនិងលើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា ២-ណែនាំនិងត្រួតពិនិត្យអង្គការសាសនាឱ្យធ្វើសកម្មភាពស្របតាមច្បាប់រដ្ឋ និងប្រតិបត្តិជំនឿសាសនាស្របតាមធម៌វិន័យ និងគោលលទ្ធិសាសនារៀងៗខ្លួន ៣-លើកទឹកចិត្តឱ្យសាសនាទាំងអស់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈការផ្ដល់ការអប់រំខាងស្មារតី សីលធម៌ វប្បធម៌ និងសង្គមកិច្ច ៤- រក្សាឱ្យបាននូវសុខដុមនីយកម្ម និងសេរីភាពខាងជំនឿសាសនាទាំងអស់។
ក្នុងឱកាសដ៏មហាជ័យមង្គល រំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ
ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនសម្តេចសង្ឃ ព្រះមន្រ្តីសង្ឃ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះមន្រ្តីសង្ឃ ដើម្បីចម្រើន ព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ បានយាងសោយសុខក្នុងព្រះសុគតិភព និងបានគង់ប្រថាប់ក្នុងសម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន្ត ជាឋានបរមសុខដ៏ប្រសើរ។
………………………..
ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥














