រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្ត្រី និងឯកឧត្តមបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំរបាយការណ៍ ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងគោលនយោបាយជាតិពាក់ព័ន្ធ

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្ត្រី និងឯកឧត្តមបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំរបាយការណ៍ ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងគោលនយោបាយជាតិពាក់ព័ន្ធ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្លួន នាងខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវមនោសញ្ចេតនារីករាយជាអនេក និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ វត្តមាន លោកជំទាវ ឯកឧត្តម ជាគណៈអធិបតី និងសិក្ខាកាមទាំងអស់ ដែលបានអញ្ជើញផ្តល់កិត្តិយស ជា អធិបតី គណៈអធិបតី និងសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងគោលនយោបាយជាតិ ពាក់ព័ន្ធនាពេលនេះ។
ក្នុងនាមរដ្ឋបាលខេត្ត នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានសហការ ជាមួយមន្ទីរកិច្ចការនារីខេត្តកោះកុង រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំរបាយ ការណ៍ ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងគោលនយោបាយ ជាតិពាក់ព័ន្ធ ហើយបានជ្រើសរើសយកខេត្តកោះកុង ជាទីតាំងសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ នាងខ្ញុំសូមជម្រាបជូន ដោយសង្ខេបចំពោះប្រតិភូ ក៏ដូចជាសិក្ខាកាម ដែលអញ្ជើញមកពីបណ្តាខេត្តនានាជ្រាបថា ខេត្តកោះកុង ស្ថិតនៅប៉ែកនិរតី នៃប្រទេសកម្ពុជាមានផ្ទៃដី ១០.០៤៥,៥៨ គ.ម (ដប់ពាន់ សូន្យសែសិបប្រាំពាន់ ក្បៀសហាសិបប្រាំបី គីឡូម៉ែត្រការ៉េ) ចំងាយផ្លូវ ប្រវែង២៩០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ ដោយកាត់តាមស្ពានធំៗចំនួន ០៤ រួមមាន (ស្ពានស្រែអំបិល ស្ពានអណ្តូងទឹក ស្ពានត្រពាំងរូង និងស្ពានតា តៃភូមិដូង)។ គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ ទូទាំងខេត្ត មានប្រជាពលរដ្ឋសរុប ចំនួន ១៥៥,៤១១នាក់ (ស្រី ៧៩,២៣៤នាក់) មាន ២៩ឃុំ សង្កាត់ និងភូមិចំនួន ១១៩ភូមិ។
លោកជំទាវ ឯកឧត្តម លោកស្រី លោក ជាទីគោរព និងជាទីរាប់អាន! ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំ ប្រឹងប្រែងរួមគ្នាប្រកបដោយការទទួលខុសត្រូវ និងភាពជាម្ចាស់ អនុវត្តន៍នូវគោលនយោបាយ កម្មវិធី ការអភិវឌ្ឍន៍ជាតិនានា ស្របតាមក្របខណ្ឌកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលបច្ចុប្បន្នបាននឹងកំពុងដើរតួនាទីសំខាន់នៅក្នុងដំណាក់កាលនៃការកែទម្រង់ ជាពិសេសការអនុវត្តច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» និងច្បាប់ស្តីពី«ការគ្រប់គ្រងរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ»។ ក្នុងដំណាក់កាលនៃការតម្រង់ទិសការងារ និងការទទួលខុសត្រូវរបស់ថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវមានកិច្ច សហការ និងការសម្របសម្រួលការងារជាលក្ខណៈអន្តរវិស័យ ក្នុងនោះ ការកសាងសមត្ថភាពរបស់មន្ត្រីជំនាញថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យតាមដានលើតម្រូវការចាំបាច់នានា គឺជាកត្តាចាំបាច់ ដើម្បីធានាឱ្យថ្នាក់ក្រោមជាតិ មានសមត្ថភាពសម្របសម្រួលការអនុវត្តគោលនយោបាយបានដោយរលូន។ ជាមួយគ្នានេះ ក្នុងដំណើរការកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការអ្នកពាក់ព័ន្ធអន្តរវិស័យ ត្រូវបញ្ចូលការបញ្ជាបយុទ្ធសាស្ត្រ យេនឌ័រទៅក្នុងគ្រប់កម្មវិធី និងផែនការរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍មូលដ្ឋានប្រកប ដោយតម្លាភាព និងការផ្តល់សេវាគ្រប់ប្រភេទតាមតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី។
ដើម្បីសម្រេចបានតាមគោលបំណងលើកំណែទម្រង់ និងការអនុវត្តផែនការទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាត្រូវការពង្រឹងសមត្ថភាពបន្ថែមពីថ្នាក់ជាតិ ក្នុងបង្កើនប្រសិទ្ធភាពនៃការដឹកនាំ និងការបំពេញមុខងាររបស់ខ្លួន លើការតាមដានលទ្ធផលនៃការអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋាន លើការអនុវត្តច្បាប់ គោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានា ដែលជាលក្ខណៈអន្តរវិស័យពាក់ព័ន្ធនឹងសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ។
ខ្ញុំក៏សូមអបអរសាទរ និងសូមថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានសហការ ជាមួយមន្ទីរកិច្ចការនារីខេត្តកោះកុង ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងគោល នយោបាយជាតិពាក់ព័ន្ធ ដែលជាវត្តមានសារៈសំខាន់ សម្រាប់មន្ត្រីរដ្ឋបាលសាលាខេត្ត ក៏ដូចជា មន្ត្រីធ្វើការ ក្នុងរដ្ឋបាលសាធារណៈ ក្នុងការរៀបចំ និងសរសេររបាយការណ៍ឱ្យបានត្រឹមត្រូវ និងមានមូលដ្ឋានច្បាសលាស់ ក្នុងការសរសេររបាយការណ៍តាមវិទ្យាសាស្ត្រ។

លោកជំទាវ ឯកឧត្តម លោកស្រី លោក ជាទីគោរព និងជាទីរាប់អាន! ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាមានសារៈសំខាន់បំផុតសម្រាប់យក ទៅអនុវត្តការងារ ស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ដើម្បីអនុវត្តការងារទទួលបានលទ្ធផលល្អ មិនមានប្រសិទ្ធភាពខ្ពស់។
ជាទីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតី លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញមកចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីស្តាប់ នូវបទបង្ហាញដ៏មានសារៈសំខាន់ សម្រាប់យកទៅបំពេញការងារតាមភារកិច្ចរៀងៗខ្លួនឱ្យបានជោគជ័យ ហើយមានប្រសិទ្ធភាព។
នាងខ្ញុំសូមគោរពជូនពរ គណៈអធិបតី លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អ ជោគជ័យ គ្រប់ភារៈកិច្ច ព្រមទាំងស្នាក់នៅក្នុងខេត្តកោះកុង ប្រកបដោយផាសុកភាព សូមជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ March 13, 2025

អត្ថបទទាក់ទង