សាខា កក្រក កោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយលោក ប្រាក់ វិចិត្រ ប្រធានអនុសាខាក្រុងខេមរភួមមិន្ទ អាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ក្នុងនោះ បណ្តាលអោយខូចខាតទាំងស្រុង ស្មើនឹង១ខ្នងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនទៀត កាលពីវេលាម៉ោង០៨.១០ នាទីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ ដែលមានម្ចាស់ផ្ទះឈ្មោះ វ៉ាន់ សុភ័ក្ត្រ អាយុ៣៤ឆ្នាំ មុខរបរកម្មករ និងប្រពន្ធឈ្មោះម៉ែន សុខ អាយុ៤៤ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មូលហេតុឆ្លងចរន្តអគ្គិសនី(តាមការបញ្ជាក់របស់ក្រុមគ្រួសារ) ។
មានប្រសាសន៍នាឱកាសនោះក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ កជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន បងប្អូន ប្រជាពលរដ្ឋ រងគ្រោះដោយក្តីនឹករឭកអាណិតអាសូរ និងសូមចូលរួមរំលែកនូវការសោកស្តាយ ជាមួយបងប្អូនដែលបានទទួលរងគ្រោះខូចខាតនូវទ្រព្យសម្បត្តិ និង ផ្ទះសម្បែងដោយសារគ្រោះអគ្គិភ័យនេះ។ គួរបញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស មុង១ ឆ្នាំងខ្ទះ១ ឆ្នាំងបាយ១ កញ្ច្រែងជ័រ២ កាថុនជ័រ១ កាថុនដែក ចាន១០ និងសម្ភារមួយចំនួនទៀត ព្រមទាំងថវិកាចំនួន១លានរៀល។ដោយឡែកលោកស្រីប្រធានក្រុមកាកបាទក្រហមសង្កាត់ថវិកាចំនួន១០ម៉ឺនរៀល ផងដែរ ។