លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរពាក់ព័ន្ធចូលរួមក្នុងពិធីបិទបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត លើប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ពិធីបិទបុណ្យសមុទ្រ ឆ្នាំ២០២៤ នៅខេត្តកំពត លោកជំទាវអភិបាលខេត្តកោះកុង ក៏បានអញ្ជើញទទួលទង់បុណ្យសមុទ្រ ពីឯកឧត្តមអភិបាលខេត្តកំពត ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ លើក១២ ជុំទី៣ ដែលនឹងប្រារព្ធនៅខេត្តកោះកុង នៅចុងឆ្នាំ២០២៥ ខាងមុខ។ ខេត្តកោះកុង ដែលជាខេត្តអេកូទេសចរណ៍តំបន់ឆ្នេរ មានឆ្នេរសមុទ្រវែងជាងគេ និងមានតំបន់ឆ្នេរស្អាតៗជាច្រើន ដូចជា ឆ្នេរនេសាទ តំបន់តារាសាគរ កោះស្តេច កោះកុងក្រៅ ឆ្នេរប៉ាក់ខ្លង សហគមន៍អេកូទេសចរណ៍ពាមក្រសោប បាននឹងកំពុងត្រៀមខ្លួនយ៉ាងរួចរាល់ក្នុងការទទួលបដិសណ្ឋាកិច្ច ស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តកោះកុង ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ត្រូវបានតភ្ជាប់ និងពង្រឹងគុណភាព ដូចជាផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុ ស្រែអំបិល កោះកុង ផ្លូវជាតិលេខ១០ តភ្ជាប់ ខេត្តបាត់ដំបង ពោធិ៍សាត់ កោះកុង ក្នុងនោះព្រលានយន្តហោះតារាសាគរ ក៏នឹងបើកសម្ពោធចុងឆ្នាំ២០២៤ ខាងមុខនេះ។
ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤