លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមប្រតិបត្តសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទណ្ឌិត ទើបនឹងសម្រាលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន០១នាក់ ឈ្មោះ ប រ ឌ បច្ចុប្បន្នកំពុងសម្រាកសម្រាល នៅមន្ទីរពេទ្យខេត្តកោះកុង ។
នាឱកាសនោះក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
សម្ភារដែលសាខាផ្តល់ជូនរួមមាន៖ មីម៉ាម៉ា១កេស ទឹកដោះគោឆៅ១ឡូ ទឹកផ្លែឈើស្រស់១២កំប៉ុង ឃីតកូនង៉ែត១ឈុត ទឹកសុទ្ធ ១កេស អាវយឺត២ ខោទឹកនោម១០ និងថវិកា ៨០.០០០រៀល ។