សាខាកក្រក ខេត្តកំពត ៖រយៈពេល៥ថ្ងៃ ចាប់ពីព្រឹកថ្ងៃចន្ទ ទី២ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២៤ លោក ឈួន យ៉ាដា នាយកប្រិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានដឹកនាំមន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយសាខា ក្រោមអធិបតី លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១កាកបាទក្រហមកម្ពុជា និងលោកស្រីវេជ្ជ.យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងអ្នកនាង Sara Lan ប្រធានប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមក្រុងហុងកុង ដែលជាសាខាកាកបាទក្រហមចិន បានអញ្ជើញចូលរួមជាគណៈវគ្គក្ខាសាលាស្តីពី ការតម្រង់ទិសការត្រៀមរៀបចំឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងការប៉ាន់ប្រមាណដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី នាយក នាយិកា នាយករង នាយិការង និងមន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយ មកពីសាខាទាំង២៥រាជធានី ខេត្ត សរុបប្រមាន៤២រូប ។
នាឱកាសនោះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ មានប្រសាសន៍សំណេះសំណាលដោយបាន ពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកនាយក លោកស្រីនាយិកា នាយករង នាយិការងសាខា និងមន្ត្រីទីស្នាក់ការកណ្តាលទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងវគ្គសិក្ខាសាលា ការតម្រង់ទិសការត្រៀមរៀបចំឆ្លើយតបប្រកបដោយប្រសិទ្ធភាព ។
គោលបំណងសំខាន់សម្រាប់សិក្ខាសាលាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយការដឹងអំពីបែបផែន PER និងសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពសមាគមជាតិ លើការត្រៀមបង្ការ និងឆ្លើយតប និងការប្រកាសឱ្យដឹងមុនចាតសកម្មភាពទាន់ពេល (EWEA) ដោយសង្កត់ធ្ងន់លើអន្តរទំនាក់ទំនង ជាមួយនឹងបែបផែនPER។
- ប៉ាន់ប្រមាណសមត្ថភាពPER របស់កាកបាទក្រហកម្ពុជា ដែលផ្តោតលើការប្រកាសឱ្យដឹងមុន ចាត់សកម្មភាពទាន់ពេល និងដើម្បីណែនាំសកម្មភាពដែលអាចធ្វើទៅបាន សម្រាប់បង្កើនសម្ត្ថភាពទាំងនេះ ប្រកបដោយប្រសិទ្ធភាព។
នាពេលបច្ចុប្បន្នមានសមាគមជាតិ ជាង១០៥ប្រទេសដែលកំពុងប្រើប្រាស់ និងអនុវត្តនូវអភិក្រម PER នេះក្នុងនាះកាកបាទក្រហមកម្ពុជា បាននិងកំពុងបើកវគ្គសិក្ខាសាលាតម្រង់ទិស និងប៉ាន់ប្រមាណ ពាក់ព័ន្ធការងារ PER ផងដែរ ហើយគោលដៅនៃអភិក្រម PER គឺជម្រុញឱ្យសមាគមជាតិបំពេញតួនាទីជំនួយការឱ្យអាជ្ញាធរសាធារណៈ ស្របតាមគោលការណ៍គ្រឹះរបស់ចលនា ដោយពង្រឹងសមត្ថភាពត្រៀមរៀបចំឆ្លើយតប ដើម្បីធានាបាននូវជំនួយមនុស្សធម៌ទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយការឈឺចាប់របស់មនុស្សជាតិ។
នៅក្នុងអភិក្រម PER រួមមាន៥ផ្នែក និង៣៦សមាសសធាតុគឺ - ទី១ គោលនយោបាយ យុទ្ធសាស្ត្រ និងបទដ្ឋាន មានសមាសសធាតុចំនួន៥
- ទី២ ការវិភាគ និងកសាងផែនការ សមាសធាតុ៨
- ទី៣សមត្ថភាពប្រតិបត្តិការ មានសមាសធាតុ១០
- ទី៤ ការសម្របសម្រួល មានសមាសធាតុ៦
- ទី៥ ការគាំទ្រប្រតិបត្តិការ មានសមាសធាតុ៨
នៅតាមសមាសធាតុនីមួយៗមានចំណុចដៅ (Benchmark) ជាច្រើន ដើម្បីវាស់វឺង។
ទន្ទឹមនឹងនោះដើម្បីសម្រេចបាននូវអភិក្រម PER យើងអនុវត្តតាមជំហានចំនួន៥ រួមមាន ៖
ទី១ ការតម្រង់ទិស , ទី២ ការប៉ាន់ប្រមាណ, ទី៣ ការវិភាគ និងចាត់អាទិភាព , ទី៤ ការកសាងផែនការ និងទី៥ ការអនុវត្តសកម្មភាព និងគណនេយ្យភាព ។ ក្នុងពេលនេះកាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្ត២ជំហាន គឺជំហានទី១ និងទី២ នៅសល់៣ជំហានទៀតកាកបាទក្រហមកម្ពុជា នឹងបន្តអនុវត្តឆ្នាំក្រោយៗទៀត ។
សំខាន់ការឆ្លើយតបរបស់កាកបាទក្រហមកម្ពុជា ត្រូវស្របតាមបរិបទបច្ចុប្បន្ន គឺការឆ្លើយតបប្រកបមនុស្សធម៌ ដោយការឆ្នៃប្រឌិត ៕