លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំស្រែអំបិល និងអតីតយុទ្ធជនចំនួន១០នាក់ នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្នុងឱកាសនេះដែរ លោកជំទាវអភិបាលខេត្ត បានប្រគល់ម៉ាស់ អាល់កុល និងជែល មួយចំនួន ដល់ក្រុមប្រឹក្សាឃុំ ទុកសម្រាប់ប្រើប្រាស់ការពារការឆ្លងមេរោគផ្សេងៗ ពិសេសជម្ងឺកូវីដ-១៩ និងចែកអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនអតីតយុទ្ធជនចំនួន ១០ នាក់ផងដែរ ដោយក្នុងម្នាក់ៗទទួលបាន អង្ករមួយបាវ២៥គីឡូក្រាម មីម៉ាម៉ា១កេស ទឹកបរិសុទ្ធ១កេស ត្រីខកំប៉ុង១ឡូ អាវចំនួន២ សាប៊ូក្រអូប១ដុំ និងថវិកាចំនួន ៥០,០០០៛ ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយរក្សាអនាម័យជាប្រចាំ ដើម្បីចៀសផុតពីជម្ងឺផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩ បើទោះបីប្រទេសរបស់យើងមិនរីករាលដាលខ្លាំងដូចប្រទេសដ៏ទៃលើពិភពលោក តែយើងមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែប្រុងប្រយ័ត្នជានិច្ច សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយការជួបជុំគ្នាច្រើនបើពុំចាំបាច់។ ជាមួយគ្នានេះដែរលោកជំទាវ ក៏ស្នើសុំអោយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ សង្កេត តាមដាននូវមនុស្សចំណូលថ្មី និងត្រូវសហការជាមួយមន្ត្រីសុខាភិបាល ក្នុងការត្រួតពិនិត្យស្រាវជ្រាវអោយដឹងពីប្រភពដំណើររបស់ជនចំណូលថ្មី ងាយស្រួលកំណត់រករោគសញ្ញា នៃជម្ងឺកូវីដដ-១៩ ដើម្បីទប់ស្កាត់ជម្ងឺនេះចូលដល់សហគមន៍យើង៕