ព្រឹកថ្ងៃទី ១៦ មករា ២០២៥ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានទទួលជួបក្រុមការងារអង្គការUnited World School (UWS) អញ្ជើញមកពីរាជធានីភ្នំពេញ។ក្នុងជំនួបពិភាក្សានោះលោកប្រធានបានថ្លែងអំណរគុណដល់អង្គការUWS ដែលតែងតែជួយគាំទ្រដល់វិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តកោះកុង នាពេលកន្លងមក និងពិភាក្សាលើ៖
១.ការជំរុញសកម្មភាពគាំទ្រសាលារៀនគំរូ ជាមួយរាជរដ្ឋាភិបាល
២.ការបំប៉នបច្ចេកទេសដល់គ្រូជាប់កិច្ចសន្យា និង គ្រូសហគមន៍
៣.ការជំរុញយន្តការកម្រងសាលារៀនឱ្យដំណើរការកាន់តែល្អប្រសើរ
៤.ការរក្សានិរន្តភាពការងារនៅសាលារៀនគោលដៅរបស់អង្គការ United World School (UWS) ចំនួន៤ នៅពេលគម្រោងបញ្ចប់។
បន្ទាប់ពីផ្តល់ជាអនុសាសន៍ក្នុងការអនុវត្តការងារចម្បងៗខាងលើបន្ត លោក ឡុង ស៊ីណា តំណាងប្រតិភូអង្គការបានជម្រាបថា៖ នៅឆ្នាំបន្ទាប់នៅពេលគម្រោងត្រូវបានបញ្ចប់ លោកគ្រូ-អ្នកគ្រូ សហគមន៍ ដែលធ្លាប់បម្រើការងារនៅតាមសាលាគោលដៅមួយចំនួននឹងត្រូវបាត់បង់ការងារ ដូចនះលោកសំណូមពរសូមឱ្យលោកគ្រូ អ្នកគ្រូទាំងនោះបានចូលរួមជាបេក្ខភាពក្នុងការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យា ព្រោះពួកគាត់មានបទពិសោធន៍ លើការងារជួយកុមារនៅតំបន់ដាច់ស្រយាលស្រាប់ ។ជាការឆ្លើយតប លោកប្រធានមន្ទីរ បានទទួលយកសំណើរ និងឱ្យជំនាញសិក្សាបញ្ចូលលក្ខណៈវិនិច្ឆ័យនេះ ក្នុងការជ្រើសរើសជាអាទិភាព។
សូមបញ្ជាក់ថា United World School (UWS) គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលបានជួយគាំទ្រសាលារៀនគោលដៅនៅតាមដំបន់ដាច់ស្រយាលចំនួន១០ ក្នុងស្រុកស្រែអំបិល កោះកុង បូទុមសាគរ និង គីរីសាគរ ដើម្បីឱ្យកុមារទាំងនោះទទួលបានសិទ្ធិក្នុងការទទួលយកសេវាអប់រំពេញលេញ។
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
អត្ថបទដោយ៖ ឡុច ភារុន