លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវគ្គពង្រឹងសមត្ថភាពគ្រូបង្គោលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)លើជំនាញ “មគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍”
លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមតំណាងអភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវក្ដីរំភើបរីករាយជាពន្លឹកដែលបានចូលរួមជាមួយ លោក លោកស្រីបងប្អូនអាជីវករ ប្រត្តិបត្តិករទេសចរណ៍ ក្នុងកម្មវិធីវគ្គពង្រឹងសមត្ថភាពគ្រូបង្គោលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) លើជំនាញ “មគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍”នាថ្ងៃនេះ។ យើងដឹងហើយថា ខេត្តកោះកុងជាខេត្តមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះជ្រង ជ្រលងដងអូរ ស្ទឹង ព្រែកជាច្រើន កត្តាទាំងអស់នេះ បានអំណោយផលទៅដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍បែបធម្មជាតិ និងទេសចរណ៍បែបសហគមន៍ ជាពិសេសខេត្តក៏មានឆ្នេរសមុទ្រវែងជាងខេត្តតំបន់ឆ្នេរទាំងបួន ហើយត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេសកលលោក ដែលត្រូវបានប្រសិទ្ធិនាមថា “តារារៈនាទិសនិរតី” ជាមួយគ្នានេះដែរក្នុងការប្រែក្លាយខេត្តកោះកុងជា “គោលដៅសហគមន៍ អេកូទេសចរណ៍កម្រិតអន្តរជាតិ”។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តកោះកុង ដែលបានខិតខំជំរុញគាំទ្ររៀបចំឱ្យមានវគ្គពង្រឹងសមត្ថភាព គ្រូបង្គោល បដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញ “មគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍” ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកទស្សនា នឹងស្នាក់នៅក្នុងសហគមន៍ទេសចរណ៍នានា ក្នុងខេត្ត ជំរុញការស្តារ និងការអភិវឌ្ឍវិស័យទេសចរណ៍ឡើងវិញ រួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ការការពារបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ ការបង្កើត និងបង្កើនឱកាសការងារ បង្កើតមុខរបរ ប្រាក់ចំណូល និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
យើងទាំងអស់គ្នា បានដឹងច្បាស់ហើយថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកន្សាន្តបាន យើងត្រូវធ្វើការពង្រឹងការផ្សព្វផ្សាយនូវសក្កានុពលទេសចរណ៍ ដែលខេត្តរបស់យើងមាន តាមមធ្យោបាយនានាជាច្រើនទៀត រួមមានបណ្តាញសង្គមផងដែរ។ ត្រូវរក្សា តម្លៃស្នាក់នៅ ហូបចុក និងរស់ជាតិ សេវាដឹកជញ្ជូនជាដើម ដល់ភ្ញៀវជាតិ អន្តរជាតិ ទាំងអស់ក្នុងន័យធ្វើឱ្យភ្ញៀវ មានការពេញចិត្ត ក្នុងការមកទទួលសេវាលើកក្រោយៗទៀត និងមានការផ្សព្វផ្សាយ បន្តពីមាត់មួយទៅមាត់មួយ ជាការទាក់ទាញអ្នកដ៏ទៃមកលេងកម្សាន្តបន្ថែមទៀត។ ចូលរួម ជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ចូលរួមបង្កើតកន្លែងលំហែរបន្ថែម និងផ្តល់សេវាកម្ម កាន់តែសប្បាយរីករាយ ជូនអ្នកទាំងអស់គ្នា ដែលមកកាន់ខេត្តរបស់យើង។ សហការ ជាមួយសហគមន៍ទេសចរណ៍សហគមន៍ផលិតផលនានា ធ្វើយ៉ាងណាអាចឱ្យផលិតផលនានារបស់ខ្មែរ បានចូលទីផ្សារទេសចរណ៍កាន់តែទូលំទូលាយ ជាការរួមចំណែក ក្នុងការលើកកម្រិតជីវភាព របស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ អាចនាំឱ្យច្រវាក់ផលិតកម្ម មានការប្រទាក់ប្រឡាកាន់តែល្អប្រសើរបន្ថែមទៀត។ គ្រប់បុគ្គលិកទាំងអស់ ត្រូវតែមានភាពរស់រាយ រាក់ទាក់ប្រកបដោយស្នាមញញឹម និងយកចិត្តទុកដាក់ជាមួយភ្ញៀវទាំងអស់ ដែលមកទទួលសេវាម្តងហើយទៀត ចង់មកម្តថទៀត។
អ្វីដែលមិនអាចខ្វះបាន ដើម្បីទាក់ទាញភ្ញៀវទេសចរនោះ គឺផ្លូវធ្វើដំណើរតែម្តង ដែល រាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់សាងសង់យ៉ាងសកម្ម គឺផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីភាគពាយព្យមកតំបន់ឆ្នេរ និងផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីតំបន់ភ្នំពេញ មកខេត្តកោះកុង នឹងស្ថាបនារួចរាល់នៅ ក្នុងឆ្នាំ២០២៥ ដែលជាកត្តាសំខាន់ជួយសម្រួលដល់ការធ្វើដំណើរភ្ញៀវទេសចរមកកម្សាន្ត ក្នុងខេត្តកោះកុងកាន់តែច្រើនឡើង។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី សមាជិក សមាជិការ នៃកម្មវិធីទាំងអស់ នឹងយល់កាន់តែច្បាស់បន្ថែមទៀត អំពីអត្ថប្រយោជន៍ នៃវគ្គពង្រឹងសមត្ថភាពគ្រូបង្គោល បដិសណ្ឋារកិច្ចកម្ពុជា (ហូកា) លើជំនាញ “មគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍” ក្នុងខេត្តកោះកុងរបស់យើង ជាពិសេសម្ចាស់អាជីវកម្មផ្ទះស្នាក់តែម្តង ក៏ដូចជាអ្នកគ្រប់គ្រងសហគមន៍ទេសចរណ៍ទាំងអស់ ខិតខំធ្វើយ៉ាងណាពង្រឹងគុណភាព សេវាកម្ម របស់ខ្លួនឱ្យបានល្អប្រសើរ៕
ថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤