លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការផ្សព្វផ្សាយស្តីពីការរៀបចំផែនទីបង្ហាញផ្លូវ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២៤-២០៣០ នៅខេត្តកោះកុង។
លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមលោកជំទាវ អភិបាលខេត្តកោះកុង ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ជាមួយ ឯកឧត្តម វេជ្ជបណ្ឌិត អស់លោក លោកស្រីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រង និងបង្ការភាព ពិការភ្នែក ឆ្នាំ២០២៤-២០៣០ សម្រាប់ខេត្តកោះកុង នាពេលនេះ។
ខ្ញុំសូមសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រជុំនេះ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតឱកាសមកចូលរួមកិច្ច ប្រជុំរបស់យើង។
ផែនទីបង្ហាញផ្លូវនេះ ផ្តល់នូវចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការងារគ្រប់គ្រង និងបង្ការភាពពិការភ្នែក នៃវិស័យសុខាភិបាលរបស់ខេត្តកោះកុង សម្រាប់រយៈពេលប្រាំមួយឆ្នាំខាងមុខ។ ផែនទីបង្ហាញផ្លូវនេះ គឺជាការបន្តការចូលរួមនូវភាពចាំបាច់បន្ត បង្កើន និង ពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែកនៅទូទាំងខេត្ត ឱ្យកៀកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០ ដែលបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ ២០២១-២០៣០ របស់ក្រសួងសុខាភិបាល។ ផែនទីបង្ហាញផ្លូវនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់យកទៅបង្កើត ជាផែនការប្រតិបត្តិ និងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីអនុវត្តនូវការផ្តល់សេវាសុខភាព ថែទាំព្យាបាលសុខភាពភ្នែក ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងនៅគ្រប់ទិសទីក្នុងខេត្ត។
តាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិតអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ខ្ញុំសូមកោតសរសើរដោយស្មោះ និងអបអរសាទរចំពោះសមិទ្ធផលដែលខេត្តកោះកុងទទួលបានទាំងការបម្រើសេវា សុខភាព ជាពិសេសសុខភាពភ្នែកជូនប្រជាពលរដ្ឋនៅតាមសហគមន៍នៅក្នុងខេត្ត។
ខ្ញុំក៏សូមថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ មន្ទីរពាក់ពន្ធ័ អាជ្ញាធរគ្រប់លំដាល់ថ្នាក់ ដែលខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលសុខភាពជូនប្រជាពលរដ្ឋ នៅក្នុងខេត្តរបស់យើង។
ដើម្បីពង្រឹងគុណភាព ពង្រីកវិសាលភាពសុខភាពសេវាសុខភាពភ្នែកបន្ថែមទៀត ខ្ញុំសូមផ្តល់ជាអនុសាសន៍ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះ ដែលក្រសួងសុខាភិបាល បានដាក់ចេញក្នុងការពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រ រួម ទាំងចូលរួមឱ្យបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាល។
ឆ្លៀតឱកាសនេះ ខ្ញុំសូមរំលឹកផងដែរថារាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្រអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្ត្រីរាជការល្អ ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច (មូលនិធិសមធម៌) ៣)ការពង្រឹងប្រព័ន្ធផ្តល់សេវា ថែទាំសុខភាពបឋម និងនវានុវត្តន៍ ៤)បង្កើនការអប់រំសុខភាព សេវាបង្ការ និងការផ្សព្វផ្សាយ ៥) ការបង្កើន គុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ ៦)ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ៧)ការពង្រឹងកិច្ចសហការពហុវិស័យ និង អន្តរ វិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨)កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក ៩) ការអភិវឌ្ឍន៍សុខាភិបាលឌីជីថល។
ខ្ញុំសូមឱ្យមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរចក្ខុរោគ មណ្ឌលថែទាំភ្នែក នៃវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
ខ្ញុំក៏សូមផ្តល់ជាអនុសាសន៍ចំពោះការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដូចខាងក្រោម៖
*បន្តយន្តការ និងអនុវត្តសកម្មភាពដែលមានស្រាប់ និងរៀបចំផែនទីបង្ហាញផ្លូវ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ដោយធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។
*លើកកម្ពស់ការចូលរបស់សហគមន៍ ក្នុងការបង្ការភាពពិការភ្នែក និងគំហើញចុះខ្សោយដែលអាចជៀសវាងបាន ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុត ដូចជាទារកកើតមិនគ្រប់ខែសិស្សសាលា ស្ត្រី មនុស្សពិការ មនុស្សដែលមានអាយុចាប់ពី ៥០ឆ្នាំ និងគ្រប់ក្រុមអាយុទាំងអស់ដែល មានបញ្ហាគំហើញចុះខ្សោយធ្វើទំនើបកម្មនិងពង្រីកបន្ថែម ផ្នែកចក្ខុរោគ ប្រកបដោយនវានុវត្តន៍ ឌីជីថល និងគុណភាព។
*ជំរុញការអនុវត្តគម្រោងពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែកឱ្យបានប្រគៀកជាមួយ សហគមជាពិសេសបង្កើតថ្មី និងពង្រឹងមណ្ឌលស្តាគំហើញ ការធ្វើសមាហរន្តកម្មនៃការថែទាំសុខភាពភ្នែកបឋមនៅមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាព។
*សូមឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់គោរពឱ្យបាខ្ជាប់ខ្ជួននូវក្រមសិលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវា ជូនប្រជាជននៅក្នុងមូលដ្ឋាន។ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗថែមទៀត។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងសូមជូនពរដល់ លោកសាស្ត្រាចារ្យ លោក លោកស្រី វេជ្ជបណ្ឌិត អស់លោក លោកស្រី ទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ និងពលៈគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំផែនទីបង្ហាញផ្លូវ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ២០២៤-២០៣០ ចាប់ពីពេលនេះតទៅ៕
ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ November 11, 2024