រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ជូនសព យោធិនកងវរសេនាតូចលេខ៣ ចំណុះតំបន់ប្រតិបត្តិការសឹកររងកោះកុង

ខេត្តកោះកុង : នៅថ្ងៃទី២ ខែវិច្ឆិកា  ឆ្នាំ២០២៤ វេលម៉ោង ៩ៈ៣០ នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំកម្លាំង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់នាយចំណង់ជូនសពលោក ព្រន្ទបាលឯក ស៊ន នឿន មេក្រុម កងអនុសេនាតូចដេកាហ្សេដ អនុសេនាធំគាំទ្រ កងវរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ០៧:០០ នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានធ្វើបុណ្យទៅតាមប្រពៃណីនៅទីតម្កល់សព ស្ថិតនៅវត្តជោតញញាណ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ លោកមេបញ្ជាការបានពាំនាំនូវសារចូលរួមរំលែកទុក្ខ ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំង តំបន់ប្រតិបត្តិការសឹករងកោះកុង សូមចូលរួមសម្ដែងនូវមរណៈទុក្ខ ដ៏ក្រៀមក្រំនេះ ព្រមទាំងសោកស្តាយជាពន់ពេក ចំពោះការបាត់បង់យោធិនសំខាន់មួយរូប ដែលកន្លងមកលោកបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនបានយ៉ាងល្អ។

លោកមេបញ្ជាការក៏បាននាំយកនូវថវិកាមិត្តរួមអាវុធ និងថវិការវិភាគទានយោធិនមរណៈ របស់តំបន់ប្រតិបត្តិការសឹករងកោះកុង ជូនគ្រួសារនៃសពដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ។

អត្ថបទទាក់ទង