លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា (Cambodia-India Tourism Forum)» ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។
កម្មវិធីនេះ រៀបចំឡើងដោយក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹង កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា និងជំរុញលំហូរទេសចរ និងវិនិយោគរវាង ប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ក៏នឹងផ្តល់ឱកាសអោយអ្នកជំនាញទេសចរណ៍ វិស័យឯកជន អាជ្ញាធរពាក់ព័ន្ធ និងអ្នកតំណាងនៃប្រទេសទាំងពីរបានជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងរិះរកយុទ្ធសាស្ត្រក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និង ការទទួលខុសត្រូវ ជាពិសេសផ្តល់ឱកាសសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរបានជួបប្រជុំគ្នា និងពង្រឹង បណ្តាញទំនាក់ទំនងទៅវិញទៅមក។