នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក អៀត វណ្ណា ប្រធានមន្ទីរផែនការ អមដំណើរ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងគណៈប្រតិភូ បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាល និងនាំយកអំណោយជាគ្រឿងបរិភោគ និងថវិកា ប្រគល់ជូនកងកម្លាំង នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងផែនការ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការនឹករលឹកពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងទូទាំងប្រទេស ពិសេសកងកម្លាំងដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាបំផុត ក្នុងការថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។