តាងនាមក្រុមប្រឹក្សា គណៈអភិបាលក្រុង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ យុវជនសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងក្រុងខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណាដែលញុះញង់ និងបំភ្លៃការ ពិតថាកិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា នៅឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្ត ជាប់ព្រំដែននៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះទៅជាព្រំដែន មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍន៍។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងនូវយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ ទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ទាំងក្នុងបរិបទទ្វេភាគី និងពហុភាគី ដោយមានការជឿជាក់ និងផ្តល់ទំនុកចិត្តបំផុត ចំពោះរាជរដ្ឋាភិបាល បច្ចុប្បន្នដែលដឹកនាំប្រទេសជាតិ ឱ្យមានភាពរុងរឿង រីកចម្រើនក្នុងបរិបទ នៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចបច្ចុប្បន្ន។
យើងខ្ញុំសូមគោរពជូនពរ សម្តេច សូម សម្តេច មានសុខភាពរឹងមាំបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ បន្តដឹកនាំនាវាកម្ពុជា ថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍន៍ នៃតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម និងសូមអំពាវនាវដល់ ជនរួមជាតិទាំងអស់សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍តំបន់ ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#