រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង អនុប្រធានមន្ទីរ និងមន្ដ្រី ០១រូប ចូលរួមកម្មវិធីសម្ពោធជាផ្លូវការ ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងកិច្ចការនារី នៅរាជធានីភ្នំពេញ។

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង អនុប្រធានមន្ទីរ និងមន្ដ្រី ០១រូប ចូលរួមកម្មវិធីសម្ពោធជាផ្លូវការ ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅសណ្ឋាគារសាន់អ៊ែនមូន រីវើសាយ (Sun & Moon Riverside Hotel) រាជធានីភ្នំពេញ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបង្កើតការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់អ្នកពាក់ព័ន្ធ រួមមានក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ និងការលើកកម្ពស់ការចូលរួមពីដៃគូនិងអ្នកពាក់ព័ន្ធលើចក្ខុវិស័យ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅកម្ពុជា។

ឆ្លងតាមការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន សង្គមស៊ីវិល វិស័យឯកជន និងដៃគូពាក់ព័ន្ធ ដើម្បីប្រមូលនូវធាតុចូលជាច្រើនលើករួចមក ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ដែលបានដាក់ឱ្យសម្ពោធជាផ្លូវការនាឱកាសនេះ មានវិធានការគន្លឹះចំនួន៤១ ដែលមានរចនាសម្ព័ន្ធ និងយុទ្ធសាស្រ្តដូចខាងក្រោម៖

• យុទ្ធសាស្រ្តស្នូល ស្តីពីក្របខ័ណ្ឌបញ្ជ្រាបយេនឌ័រតាមរយៈការធ្វើបរិវត្តកម្មយេនឌ័រ

• យុទ្ធសាស្រ្តតាមវិស័យ និងកម្មវិធី ចំនួន៦ គឺ៖

1. ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី

2. ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ

3. ការលើកកម្ពស់សុខុមាលភាពរបស់ស្រ្តីនិងក្មេងស្រី

4. កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តីនិងក្មេងស្រី

5. ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច

6. ស្រ្តី និងការប្រែប្រួលអាកាសធាតុ

• យុទ្ធសាស្រ្តគាំទ្រ៖ ការពង្រឹងប្រសិទ្ធភាព និងអភិវឌ្ឍន៍សមិទ្ធកម្មស្ថាប័ន។

កម្មវិធីនេះ មានអ្នកចូលរួមសរុបចំនួន៥០០រូប (ស្ត្រី៣៦០រូប) ដែលមានសមាសភាពជាថ្នាក់ដឹកនាំនិង មន្ត្រីបច្ចេកទេសនៃក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នថ្នាក់ជាតិ អង្គទូត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ វិស័យឯកជន រដ្ឋបាលថ្នាក់ក្រោមជាតិ យុវជន និងនិស្សិតតាមសាកលវិទ្យាល័យ។

#មន្ទីរកិច្ចការនារីខេត្តកោះកុង #នារីរតនៈទី៦

ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤

អត្ថបទទាក់ទង