/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម សុខខេង នរិន្ធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ”តំបន់ដីសើម និងសុខុមាលភាពរបស់មនុស្ស” នៅអនុវិទ្យាល័យពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម សុខខេង នរិន្ធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ”តំបន់ដីសើម និងសុខុមាលភាពរបស់មនុស្ស” នៅអនុវិទ្យាល័យពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំបាទមានកិត្តិយស និងក្តីសោមនស្សរីករាយជាអនេក ដែលខេត្តកោះកុងត្រូវបានជ្រើសរើសជាទីតាំងសម្រាប់រៀបចំ ទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២៤នេះ ដែលប្រារព្ធឡើងក្រោមប្រធានបទ”តំបន់ដីសើម និងសុខុមាលភាពមនុស្ស”។ ក្នុងនាមលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍ដោយស្មោះស្ម័គ្រចំពោះ ឯកឧត្ដម លោក លោកស្រី អ្នកនាងកញ្ញា ក្មួយៗសិក្សានុសិស្ស និងបងប្អូនប្រជាសហគមន៍មូលដ្ឋានទាំងអស់ ដែលបានចំណាយពេលវេលាដ៏មាន តម្លៃ ចូលរួមប្រារព្ធទិវាដ៏មានសារៈសំខាន់នាថ្ងៃនេះ។ វត្តមានដ៏ថ្លៃថ្លារបស់យើងទាំងអស់គ្នានាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់ និងសហប្រតិបត្តិការល្អ ក្នុងកិច្ចការពារបរិស្ថាន អភិរក្សជីវៈចម្រុះ ក៏ដូចជា ការការពារ និងគ្រប់គ្រងតំបន់ដីសើមផងដែរ។
ក្នុងនាមគណៈអភិបាលខេត្ត ខ្ញុំសូមយកឱកាសដ៏មានតម្លៃនេះ សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ក្រសួងបរិស្ថាន ដែលបានផ្តល់កិត្តិយសជ្រើសរើសខេត្តយើងខ្ញុំធ្វើជាទីតាំង សម្រាប់ប្រារពពិធីអបអរសាទរទិវាតំបន់ដីសើមនេះឡើង។ ការប្រារព្ធទិវាតំបន់ដីសើមពិភពលោកដ៏សំខាន់នេះ មានគោលបំណងមិនត្រឹមតែផ្សព្វផ្សាយពីចំណេះដឹង និងគុណតម្លៃរបស់តំបន់ដីសើមប៉ណ្ណោះទេ ប៉ុន្តែវានឹងជួយពង្រឹង អភិបាលកិច្ចការងារគ្រប់គ្រង តំបន់ដីសើមឱ្យកាន់តែល្អ រវាងស្ថាប័ននិងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលក្រោមជាតិ អាជ្ញាធររដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល អាជ្ញាធរនិងបងប្អូនប្រជាសហគមន៍មូលដ្ឋាន រួមទាំង សាលារៀនផងដែរ ហើយជាពិសេសការទាញចំណាប់អារម្មណ៍សាធារណៈជន ឱ្យស្រលាញ់តំបន់ដីសើម និងលើកកម្ពស់ការយល់ដឹងពីការការពារ អភិរក្ស និងគ្រប់គ្រងតំបន់ដីសើម ដែលទាំងអស់នេះជាកត្តា ជំរុញដ៏សំខាន់ ដើម្បីទទួលបាននូវប្រសិទ្ធភាពគ្រប់គ្រងតំបន់ដីសើម។
ឯកឧត្ដម លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ជាទីមេត្រី! ខេត្តកោះកុង គឺជាខេត្តមួយដែលមានចរន្តផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម យ៉ាងសកម្មជាមួយនឹង ប្រទេសជិតខាង និងបណ្តាខេត្តជាប់ព្រំប្រទល់ ហើយក៏ជាខេត្តមួយដែលសណ្ឋានដីមានលក្ខណៈពិសេស ដាច់ដោយឡែក ខុសពីបណ្តាខេត្តផ្សេងទៀតដោយមាន ទាំងតំបន់ភ្នំ ទាំងតំបន់ខ្ពង់រាប និងតំបន់ឆ្នេរសមុទ្រ ដែលសំបូរទៅដោយធនធានធម្មជាតិ និងកេរ្តិ៍មរតកវប្បធម៌ប្រវត្តិសាស្ត្រយ៉ាងច្រើនអនេក។ តាមរយៈភាពអំណោយផលនៃលក្ខណៈ សណ្ឋានដី និងភូមិសាស្ត្របែបនេះ បានធ្វើឱ្យខេត្តកោះកុង ជាខេត្តសំ បូរដោយធនធានធម្មជាតិ ដែលទ្រទ្រង់ដល់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយតំបន់សំខាន់ៗមួយចំនួន ដែលជាបេះដូងនៃធនធានធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់ការពារធម្មជាតិ ក្នុងទិសដៅសម្រាប់ ការអភិរក្ស និងអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ដែលតំបន់ការពារធម្មជាតិទាំងនោះរួមមាន ឧទ្យានជាតិជួរភ្នំក្រវាញ ឧទ្យានជាតិបុទុមសាគរដែនជម្រកសត្វព្រៃពាមក្រសោប ដែនជម្រកសត្វព្រៃតាតៃ តំបន់ប្រើប្រាស់ប្រើយ៉ាងដងពែង ឧទ្យានសមុទ្រកោះរ៉ុង និងតំបន់រ៉ាមសារកោះកាពិ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណជាង៧០% នៃទំហំផ្ទៃដីខេត្តទាំងមូល។
លើសនេះទៀត ខេត្តកោះកុងយើងនេះមានតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ គឺតំបន់រ៉ាមសារកោះកាពិ ដែលតំបន់នេះត្រូវបានទទួលស្គាល់ជាធនធានដ៏មានតម្លៃផ្នែក ជីវៈចម្រុះ សង្គម និងសេដ្ឋកិច្ច ជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរដែលមានមុខងារ កំណត់ និងទ្រទ្រង់លក្ខណៈជីវសាស្រ្តចម្រុះសំខាន់ៗ និងសម្បូរបែប ជាប្រព័ន្ធជលសាស្ត្រមួយ ដែលមានផលិតភាព និងចម្រុះបំផុតមួយ នៅក្នុងតំបន់គ្របដណ្តប់ដោយព្រៃកោងកាងចម្រុះប្រភេទប្រមាណ៦០% នៃផ្ទៃដីតំបន់ ជាព្រៃកោងកាង ល្អជាងគេក្នុងឈូងសមុទ្រថៃនៅអាស៊ីអាគ្នេយ៍មាន៦៤ប្រភេទ ដែលជាសមាសធាតុ និងទម្រង់គម្របរុក្ខ ជាតិប្រែប្រួលទៅតាម របបទឹក រយៈពេលជោនាជ និងមានវត្តមានដីមមោគ ដែលជាប្រភេទដីត្រូវបានគេ ចាត់ទុកថាជាប្រភេទដីដែលមានសារៈសំខាន់ជាអន្តរជាតិ មានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងជាស្ថានប្រព័ន្ធដែលទ្រទ្រង់ដល់វត្តមានសត្វព្រៃសំខាន់ៗ ដែលជាប្រភេទទួលរង ការគំរាមកំហែង និងជិតផុតពូជលើពិភពលោក មានពពួក ភេ ស្វា ខ្លាត្រី អណ្ដើក ជ្រូកទឹក ផ្សោត រួមទាំង សត្វស្លាបទេសន្តរប្រវេសន៍ផងដែរ ដែលតំបន់នេះជាទីសំចតដ៏សំខាន់ សម្រាប់ស្នាក់នៅបណ្តោះអាសន្ន ឈប់សម្រាក រកចំណី និងបង្កើនថាមពល មុននឹងបន្តការធ្វើដំណើរយៈចំងាយឆ្ងាយរបស់ខ្លួន។ ព្រៃកោង កាងនៅតំបន់នេះ បានដើរតួយ៉ាងសំខាន់សម្រាប់ជីវភាពសហគមន៍តាមតំបន់ឆ្នេរ ព្រមទាំងជួយបង្កើនផលនេសាទ ដែលជាប្រភពចំណូលដ៏សំខាន់ពីការនេសាទសមុទ្រនៅកម្ពុជា។ តំបន់នេះបានដើតួនាទីដ៏ សំខាន់ជា ជម្រកជីវៈចម្រុះយ៉ាងសម្បូរបែប គាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន ការពារសំណឹកឆ្នេរ របាំងធម្មជាតិការពារខ្យល់ព្យុះ ខ្យល់កណ្តាក់ និងជួយកាត់បន្ថយការឡើងកម្ដៅជាដើម។
ដូចឯកឧត្ដម លោក លោកស្រី អ្នកនាងកញ្ញា ជ្រាបហើយថា ស្ទឹង ព្រែក ត្រពាំង បឹង និងតំបន់ឆ្នេរ សមុទ្រ សុទ្ធតែជាតំបន់ដីសើម ដែលបានផ្ដល់ជាធនធានក្នុងការទ្រទ្រង់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ ជាប្រចាំ តាមរយៈសេវាកម្មប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃដូចជា ត្រីសាច់ បន្លែបង្ការ ថ្នាំសង្កូវ ហើយក៏ជាទី ជម្រករបស់ជីវៈចម្រុះដ៏សម្បូរបែបផងដែរ។ ដូច្នេះយើងទាំងអស់គ្នាគប្បីចូលរួម និងសហការឱ្យកាន់តែ ស្អិតរមួតបន្ថែមទៀត ដើម្បីឱ្យដំណើរការ ការអភិរក្ស និងអភិវឌ្ឍន៍ មានភាពរលូនទទួលបានផ្លែផ្កាល្អ ដោយរក្សាបានតំបន់ដីសើម និងធនធានជីវៈចម្រុះនៅក្នុងខេត្តកោះកុងនេះ ឱ្យបាននៅគង់វង្ស និងសម្បូរ បែបសម្រាប់ជាប្រយោជន៍ ដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិទាំងបច្ចុប្បន្ន និងអនាគត ស្របតាម គោលនយោបាយ «យុទ្ធសាស្ត្រចញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង។
ឯកឧត្ដម លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងក្មួយៗសិក្សានុសិស្សទាំងអស់ជាទីរាប់អាន ទិវាថ្ងៃនេះ មិនត្រឹមតែជាវេទិកា សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយ ចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាវេទិការមួយដែលជួយក្រើនរម្លឹក និងដាស់តឿនដល់យើងទាំងអស់គ្នាថា គឺមិនត្រូវគិតតែពីការប្រើប្រាស់ ប្រមូលផលពីតំបន់ដីសើមទេ គឺត្រូវងាកមកគិតដល់បញ្ហាដែលកំពុងកើតមាននៅតំបន់ដីសើម ការរិចរិលនិងបាត់បង់តំបន់ដីសើម និងចាំបាច់ត្រូវគិតគូដល់ការស្ដារតំបន់ដីសើមឡើងវិញ។ តាងនាមគណៈ អភិបាលខេត្តកោះកុង ខ្ញុំសូមប្រកាន់ជំហរ ការពារ ថែរក្សា និងស្ដារឡើងវិញតំបន់ដីសើម និងថ្កោលទោស នូវរាល់សកម្មភាពទាំងឡាយណាដែល ធ្វើឱ្យខូចខាត និងបាត់បងតំបន់ដីសើម ផ្ទុយពីច្បាប់របស់រាជរដ្ឋាភិបាល ជាពិសេសតំបន់ដីសើមនៅតាមតំបន់ឆ្នេរនៃខេត្តកោះកុងយើងនេះ និងស្នើដល់រដ្ឋបាលថ្នាក់ក្រោមគ្រប់លំដាប់ថ្នាក់ ថែរក្សាការពារ និងស្ដារតំបន់ដីសើមឡើងវិញ ក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់។
មុននឹងបញ្ចប់ខ្ញុំ ក៏សូមអំពាវនាវដល់ សាធារណៈជន និងក្មួយទាំងអស់ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត ចូលរួមឱ្យបានស័កម្មបំផុតក្នុង ការការពារ ថែរក្សា និងស្តារតំបន់ដីសើមឡើងវិញ ហើយសូមចាត់ទុកថាកិច្ចការទាំងនេះ ជាកតបកិច្ចមួយក្នុងចំណោមកតបកិច្ចផ្សេងទៀតរបស់យើងទាំងអស់គ្នា៕

ថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ថ្ងៃនេះ ជាថ្ងៃសីលFebruary 2, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    រដ្ឋបាលស្រុកថ្មបាំង បានចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់តាំង អភិបាលរង និងក្រុមការងារ ដើម្បីចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម គង់ វិបុល ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានឧបត្ថម្ភ អង្ករ ៥តោន ទឹកសុទ្ធ ៣០០កេស និងឆៃប៉ូវ ៣០០គីឡូ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៊ឹម សុធិន ដែលបានឧបត្ថម្ភថវិកាចំនួន ៩៩ ៩៩៩រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ លឹម សៀកងីម ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក