លោកស្រី សុខ សុធាវី ប្រធានមន្ទីរ និងលោកស្រី នង ម៉ារី អនុប្រធានមន្ទីរ រួមជាមួយលោកជំទាវ ចេង វន្នី ប្រធាន គ.ក.ស.ក ខេត្ត និងលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ទទួលបន្ទុកវិស័យកិច្ចការនារី ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត របស់ក្រសួងកិច្ចការនារី ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត ដៃគូជាតិ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាលរងរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល ។
នៅក្នុងពិធីបើក លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលខិតខំសម្រេចបានសមិទ្ធផលការងារកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ទៅមុខទៀត។
លោកជំទាវ បានស្នើឱ្យអង្គសន្និបាតផ្តោតលើការពិនិត្យមើលសមិទ្ធិកម្មរបស់អង្គភាពនីមួយៗ និងកំណត់រកវិធីសាស្រ្តឱ្យកាន់ជាក់លាក់ ដើម្បី ពង្រឹង និងពង្រីកវិសាលភាព លើកការងាររបស់ខ្លួន។ការងារអាទិភាពរបស់ក្រសួង ធ្វើឡើង តាមរយៈខ្សែទទឹង (លើការងារបញ្ជ្រាបយេនឌ័រ ការតាមដាន និងវាយតម្លៃ) និងការងារខ្សែបណ្តោយ ដោយផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖
១.ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី
២.ការលើកកម្ពស់ការអប់រំរបស់ស្រ្តី និងក្មេងស្រី និងការពង្រីកវិសាលភាពការងារអប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ
៣.ការលើកកម្ពស់សុខភាពស្រ្តី និងក្មេងស្រី
៤.កិច្ចការពារផ្លូវច្បាប់់សម្រាប់ស្រ្តី និងក្មេងស្រី
៥.ការលើកកម្ពស់តួនាទីស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច
៦.ការលើកកម្ពស់តួនាទីស្រ្តី ក្នុងកម្មវិធីប្រែប្រួលអាកាសធាតុ។
នៅក្នុងឱកាសនោះ លោកជំទាវ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ត្រូវអនុវត្តកិច្ចការទាំងនេះ ប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថល ព្រមទាំងចូលរួមពង្រឹងភាពជាពលរដ្ឋរស់នៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់។
អង្គសន្និបាតដំណើរការទៅរយៈពេល ២ថ្ងៃ។
នៅព្រឹកថ្ងៃទី១ អគ្គនាយកទាំង៣ បានឡើងបង្ហាញដោយសង្ខេប អំពីវឌ្ឍនភាពគន្លឹះៗរបស់ការងារក្រសួង និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត និងដាក់ជូនអង្គពិធីផ្តល់មតិយោបល់។
ជាមួយគ្នានេះ អង្គសន្និបាត ក៏នឹងពិភាក្សាលើទិសដៅ ៥ឆ្នាំ នារីរតនៈទី៦ ២០២៤-២០២៨ និងសកម្មភាពអាទិភាពឆ្នាំ២០២៤។
ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤