ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ ៥រូប ចូលរួមកិច្ចប្រជុំ ស្តីពី ការពង្រឹងការផ្តល់សេវា និងការពង្រីកវិសាលភាពអនុវត្តន៍របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សម្រាប់មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ក្រោមអធិបតីភាព ឯកឧត្ដម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម ស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រៀបចំដោយ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សមាសភាពចូលរួមពីមន្ទីរសុខាភិបាលខេត្តកោះកុង៖
១) ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
២) លោក ងិន ប៊ុនធឿន អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គល
៣) លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ
៤) លោក ខេម រដ្ឋា ប្រធានផ្នែករដ្ឋបាល គណនេយ្យ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ
៥) លោកវេជ្ជបណ្ឌិត សៅ សូនី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល
៦) លោក ខេង បញ្ញា មន្ត្រីផ្នែកគណនេយ្យ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល
ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការផ្តល់សេវា និងការពង្រីកវិសាលភាពការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមួយមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រកាសជាផ្លូវការ នូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងបើទោះបីជាកន្លងមករហូតមកដល់ពេលនេះ មានការផ្សព្វផ្សាយស្តីពីនីតិវិធីនៃការចូលប្រើប្រាស់សេវាយ៉ាងណាក៏ដោយ ក៏នៅមានបងប្អូនសមាជិក ប.ស.ស. មួយចំនួននៅមិនទាន់យល់ដឹងច្បាស់ពីនីតិវិធីក្នុងការទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នៅឡើយទេ ដូច្នេះការចូលរួមសហការពីមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. គឺជាកត្តាសំខាន់ និងចាំបាច់បំផុតក្នុងការធ្វើឱ្យប្រសើរឡើងនៃការផ្តល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ឯកឧត្តមអគ្គនាយក ប.ស.ស.ស្តីទី បានបញ្ជាក់ទៀតថា កិច្ចប្រជុំនាពេលនេះ គឺជាវេទិកាដែលត្រូវលើកបញ្ហាប្រឈមស្តីពីការផ្តល់សេវាជូនសមាជិក ប.ស.ស. មកពិភាក្សា និងដោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ សម្រាប់ផ្តល់ជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព គុណភាពខ្ពស់ សុវត្ថិភាព និងទាន់ពេលវេលា។
គួរបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសរុបចំនួន ១ ៥៣០ មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេស ដែលក្នុងនោះ មូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) មានចំនួន ១ ៣៩៥ និងមូលដ្ឋានសុខាភិបាលឯកជន (មន្ទីរពេទ្យឯកជន) មានចំនួន ១៣៥៕
ថៃ្ងព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣