រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ ១តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺការជួយយើងទាំងអស់គ្នា”

កោះកុង: ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុកស្រែអំបិល ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ ថ្ងៃទី១ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺការជួយយើងទាំងអស់គ្នា” ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
លោកស្រី ឈី វ៉ា បានបន្ថែមថា លោកយាយ លោកតា អ៊ំ មា មីង ជាមនុស្សវ័យចាស់ និងបុព្វការីជន ជាអ្នកផ្តល់ និងរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ កេរ្តិ៍មរតកសម្បត្តិវប្បធម៌ដ៏សម្បូរបែប អប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិត ផ្តល់នូវចំណេះដឹង ចំណេះធ្វើ ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍យ៉ាងច្រើន សម្រាប់មនុស្សជំនាន់ក្រោយ។
តាមរយៈការអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ឈី វ៉ា ថ្លែងថារាជរដ្ឋាភិបាលអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សវ័យចាស់ ដោយបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល សម្រាប់ការកសាង ការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសង្គមកិច្ចចំពោះជនចាស់ជរា។
ទន្ទឹមនឹងនោះ លោកស្រី អភិបាលរងខេត្តកោះកុង បានជំរុញដល់មន្ទីរសង្គមកិច្ចខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានបង្កើនការចុះពិនិត្យ ស្រង់ និងកំណត់អត្តសញ្ញាណជនមានពិការភាព ឲ្យជាក់លាក់សំដៅធ្វើយ៉ាងណាផ្តល់សេវាគាំពារសង្គមបានឆាប់រហ័ស។
លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានមានប្រសាសន៍ថា ក្រុមការងារជំនាញ បានចុះកំណត់អត្តសញ្ញាណជនមានពិការភាព ដោយ ទទួលបានលទ្ធផលការងារ សរុប ១៤០០ គ្រួសារ។ ជាក់ស្ដែងក្នុងចំណោម ១៥០០ នាក់ មានតែ ៣៦៧ នាក់ បានទទួលរបបគោលនយោបាយជនមានពិការភាពក្នុងមូលដ្ឋានរួចរាល់។
លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល បានបញ្ជាក់ថា ការគិតគូរ និងលើកកម្ពស់កិច្ចគាំពារ មនុស្សចាស់នៅគ្រប់ទីកន្លែង ក៏ដូចជា ស្រុកស្រែអំបិល ជាយន្តការមិនធ្វើឲ្យមនុស្សចាស់ឯកោនោះឡើយ ខណៈពួកគាត់មានតម្រូវការសេវាថែទាំសុខភាព ថវិកា លំនៅដ្ឋាន និង ស្បៀងអាហារជាដើម។ កន្លងមកអាជ្ញាធរស្រុកក៏បានធ្វើការងារច្រើន ដើម្បីពួកគាត់មានបណ្ណសមធម៌ ឬបណ្ណក្រីក្រ និងផ្តល់ស្បៀងអាហារទៀតផង។

ពិធីនេះរៀបចំនៅឃុំចំនួន២ ក្នុងស្រុកស្រែអំបិល មានដូចជា ឃុំដងពែង និងឃុំជីខលើ ដែលមានលោកតា លោកយាយ ចូលរួមសរុបចំនួន ២០០គ្រួសារ ក្នុងនោះផងដែរម្នាក់ៗទទួលបានអង្ករចំនួន ២៥គីឡូ គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាបន្ថែមរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្ត ចំនួន ៥០ ០០០រៀលផងដែរ៕

អត្ថបទទាក់ទង