រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី អាយុ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

មន្ទីរសុខាភិបាលខេត្ត សហការជាមួយរដ្ឋបាលខេត្តកោះកុងបានរៀបចំ ពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ៩ឆ្នាំ ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង  ដែលធ្វើឡើងនៅ សាលប្រជុំធំ ជាន់ទី៣ នៃមន្ទីរសុខាភិលនៃរដ្ឋបាលខេត្តកោះកុង ក្នុងពិធីនេះផងដែរ បានចាក់វ៉ាក់សាំងជូនដល់កុមារីដែលមានអាយុ ៩ឆ្នាំ។

សួមរំលឹកផងដែរ ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា "ឃាតកលាក់មុខ" ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួននៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១១៣៥ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ត្រីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។ យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញថា៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួន១ដូសគឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។

ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន ព្រមទាំងមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការរួមមាន Gavi ,WHO, UNICEF,CHAI ក្រសួងសុខាភិបាលនឹងដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដែលត្រូវផ្តល់តែចំនួនមួយដូសប៉ុណ្ណោះ ដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលាបឋមសិក្សា នៅតាមភូមិឬសហគមន៍ និងការផ្តល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមមណ្ឌលសុខភាព ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះតទៅ។

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣

អត្ថបទទាក់ទង