រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលាស្ដីពី “វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព និងគុណភាព”

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលាស្ដីពី “វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព និងគុណភាព”។

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ខ្ញុំបាទក្នុងនាមតំណាងឱ្យលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត កោះកុង ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងកម្មវិធីសិក្ខាសាលាស្តីពី “វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព និងគុណភាព» នៅក្នុងទឹកដី ខេត្តកោះកុងនាថ្ងៃនេះ។

ខ្ញុំក៏សូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមានរបស់ លោក លោកស្រី នាងកញ្ញាជាប្រតិភូ ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍តាមបណ្តាខេត្ត ដែលបានអញ្ជើញមកពី ខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ។ អស់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នានាក្នុងខេត្តកោះកុង និងម្ចាស់ ឬតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម សេវាកម្ម បានឆ្លៀត ពេលមកចូលរួមក្នុងកម្មវិធីសិក្ខាសាលានាថ្ងៃនេះ។ ទន្ទឹមនេះដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានកំណត់យកខេត្តកោះកុងយើងខ្ញុំ ជាខេត្តគោលដៅ រៀបចំសិក្ខាសាលាស្តីពី “វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព និងគុណភាព» ដើម្បី ផ្សព្វផ្សាយបណ្តុះបណ្តាល និងពីគ្រោះយោបល់អំពីផលិតភាព និងគុណភាព ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម សេវាកម្ម មន្ទីរ អង្គភាពពាក់ព័ន្ធនានា ក្នុងខេត្តកោះកុង និងមានការចូលរួមពីប្រតិភូ មកពីខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុផងដែរ ក្នុងគោលបំណងជួយគាំទ្រ និងលើកស្ទួយវិស័យ ឧស្សាហកម្មឱ្យមានការវិវឌ្ឍឈានឡើងមួយកម្រិតទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ។

ក្នុងនាមតំណាងឱ្យ លោកជំទាវអភិបាល និងគណៈអភិបាលខេត្តកោះកុង ខ្ញុំសូមកោតសរសើរ ដោយស្មោះ ចំពោះថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមជ្ឈមណ្ឌលផលិតភាពជាតិ ដែលបានសហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងរដ្ឋបាលខេត្តកោះកុង ខិតខំស្វះស្វែងយកចិត្តទុកដាក់ក្នុងការរៀបចំសិក្ខាសាលានេះឡើង នៅលើទឹកដី ខេត្តកោះកុង ដែលជាកន្លែងមានសក្តានុពលវិស័យឧស្សាហកម្មមួយផងដែរ។ កម្មវិធីនេះគឺជាការឆ្លើយតប នឹងបញ្ហាប្រឈមដែលកំពុងកើតមានឡើងក្នុងវិស័យឧស្សាហកម្ម និងវិស័យផ្សេងទៀត នៅក្នុងប្រទេស កម្ពុជា និងពិភពលោក ដូចនេះខ្ញុំសូមលើកទឹកចិត្ត និងជំរុញឱ្យមានកម្មវិធីដ៏មានសារប្រយោជន៍នេះជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តកោះកុង និងនៅខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ផលិតភាព នៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម និងសេវាកម្ម ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ជា ទស្សនៈផ្ទាល់ខ្លួន ខ្ញុំយល់ថា អត្ថប្រយោជន៍ «វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព» គឺជាវិធីសាស្ត្រជួយកាត់ បន្ថយចំណាយលើថ្លៃដើមផលិត។ ហេតុនេះសូមអង្គសិក្ខាសាលាទាំងអស់កុំយល់ថា៖ ការចំណាយលើ ថ្លៃដើមផលិតខ្ពស់ គឺបណ្ដាលមកពីការឡើងថ្លៃវត្ថុធាតុដើម និងធាតុផ្សំផ្សេងៗ តែយើងមិនបានដឹងពីភាព ខ្ជះខ្ជាយនៅក្នុងមូលដ្ឋានផលិតកម្ម ដែលវាកើនការចំណាយលើថ្លៃដើមផលិត ខាតបង់ប្រាក់ចំណេញដោយ មិនដឹងខ្លួន។ ដល់ពេលជួបបញ្ហា អាជីវករ/សេវាករគ្មានជម្រើសអ្វីក្រៅពីដំឡើងថ្លៃលក់ បន្ថយវត្ថុធាតដើម គុណភាព ឬគ្រឿងផ្សំនានាសម្រាប់ផលិត។ កត្តានេះហើយដែលនាំឱ្យបាត់បង់ទីផ្សារ និងការប្រកួតប្រជែង។ យើងចេះតែឆ្ងល់គេផលិតនូវផលិតផលដូចយើង ថ្លៃលក់ដូចយើង ឬទាបជាងយើង គេលក់បានចំណេញ និងប្រកួតប្រជែងលើទីផ្សារបាន ហេតុអី? យើងលក់មិនបាន មិនចំណេញ នេះជាហេតុផលមួយក្នុង ចំណោមហេតុផលដ៏ទៃទៀត នៃបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម និងវិស័យដ៏ទៃទៀត ក្នុងពេល បច្ចុប្បន្ននៅប្រទេសយើង។

ថ្ងៃនេះក្រសួងបានផ្ដល់ឱកាសឱ្យខេត្ត ក៏ដូចជាមន្ទីរ រៀបចំសិក្ខាសាលាស្ដីអំពី «វិធីសាស្ត អភិវឌ្ឍន៍ផលិតភាព និងគុណភាព» ដែលពិតជាមានអត្ថប្រយោជន៍ណាស់ សម្រាប់លោក លោកស្រីមន្ត្រីរាជការ លោក លោកស្រីជាម្ចាស់ ឬតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ជាសិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹងថ្មី និងបទពិសោធន៍លើកិច្ចការនេះ តាមរយៈការធ្វើ បទបង្ហាញរបស់វាគ្មិនមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងម្ចាស់ក្រុមហ៊ុន គំរូនៅរាជធានីភ្នំពេញនាពេលបន្តិចទៀតនេះ។ ហេតុនេះខ្ញុំសំណូមពរដល់សិក្ខាកាមទាំងអស់ សូមគោរព ពេលវេលា និងវត្តមានឱ្យបានជាប់លាប់ យកចិត្តទុកដាក់ស្តាប់ កត់ត្រានូវចំណុចសំខាន់ៗ និងបើមាន ចម្ងល់សូមលើកជាសំណួរឡើង ដើម្បីឱ្យវាគ្មិនយើងដែលមានបទពិសោធន៍បានបកស្រាយពន្យល់បន្ថែម សម្រាប់ជាមូលដ្ឋាន និងធាតុចូលនូវដំសំខាន់ ជាក់លាក់ ក្នុងការយកទៅអនុវត្តន៍នៅមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។ បន្ថែមលើនេះ ប្រសិនបើលោក លោកស្រីទទួលយកចំណេះដឹង ថ្មីត្រឹមជាទ្រឹស្ដី តែមិនខិតខំផ្លាស់ប្ដូរទំលាប់ ផ្នត់គំនិត យកទៅអនុវត្តជាក់ស្ដែងនៅមូលដ្ឋានផលិតកម្មរបស់លោក លោកស្រីទេ គឺជាខាតបង់មួយ ដែលនឹងឈានទៅរកការក្ស័យធន ក៏អាចថាបាន។ ឆ្លើយតបនឹង បញ្ហានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានមជ្ឈមណ្ឌលផលិតភាពជាតិ ជាសេនាធិការ មានគម្រោងប្រចាំឆ្នាំគឺ «កម្មវិធីពាន់រង្វាន់សមិទ្ធផលផលិតភាព» ហើយកម្មវិធីនេះបានជួយ ដល់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មមួយចំនួនក្លាយជាក្រុមហ៊ុនគំរូ។ ក្នុងនោះគឺមានក្រុមហ៊ុនអេរ៉ូទិច ផលិតទឹកបរិសុទ្ធ ដែលនឹងមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងអត្ថប្រយោជន៍ នៅក្នុងសិក្ខា សាលានាពេលបន្តិចទៀតនេះ៕
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ October 5, 2023

អត្ថបទទាក់ទង