រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកវរសេនីយ៍ឯក កៅ មិញ ឌឹម ស្នងការរងនយោបាយ នៃគណៈបញ្ជាការយោធាខេត្តគៀនយ៉ាង ក្នុងកិច្ចប្រជុំពិភាក្សាវាយតម្លៃពីស្ថានភាពជាក់ស្ដែង នៃការគ្រប់គ្រង ការពារសំណង់សំណង់ស្តូបអនុស្សារីយ៍មិត្តភាពកម្ពុជា-វៀតណាម

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកវរសេនីយ៍ឯក កៅ មិញ ឌឹម ស្នងការរងនយោបាយ នៃគណៈបញ្ជាការយោធាខេត្តគៀនយ៉ាង ក្នុងកិច្ចប្រជុំពិភាក្សាវាយតម្លៃពីស្ថានភាពជាក់ស្ដែង នៃការគ្រប់គ្រង ការពារសំណង់សំណង់ស្តូបអនុស្សារីយ៍មិត្តភាពកម្ពុជា-វៀតណាម។

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត តំណាងលោកជំទាវអភិបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់នៅទីនេះ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្ដែង នូវការស្វាគមន៍ ចំពោះវត្តមានរបស់ លោកវរសេនីយ៍ឯក កៅ មិញ ឌឹម ស្នងការរងនយោបាយ គណៈបញ្ជាការយោធាខេត្តគៀនយ៉ាង និងប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ខេត្តកោះកុងក្នុង គោលបំណង ពិនិត្យទីតាំងសំណង់ស្តូបអនុស្សារីយ៍ មិត្តភាពកម្ពុជា-វៀតណាម និងចូលរួមកិច្ចប្រជុំពិភាក្សាវាយតម្លៃពីស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រង ការពារសំណង់ សំដៅដល់ការជួសជុល បរិវេណនិងតួសំណង់ស្តូប កែលម្អនិងតុងតែងសួនបន្ថែម សម្រាប់ឱ្យសាធារណជនទូទៅ ភ្ញៀវទេសចរណ៍ ធ្វើការកម្សាន្ត និងលំហែរកាយ ជាពិសេស ដើម្បីថែរក្សាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាម ក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍កម្ពុជា ប្រជាធិបតេយ្យ នៅទសវត្សរ៍៧០-៨០។
អស់លោក លោកស្រីទាំងអស់ ខ្ញុំសូមបញ្ជាក់ជូនជ្រាបដែរថា ក្រៅពីសំណង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម ដែលជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាម និងជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ នោះ ខេត្តកោះកុង(កម្ពុជា) និងខេត្តគៀនយ៉ាង (វៀតណាម) បានកំពុងនឹងបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្ន តាមរយៈការជួបប្រជុំ និងការផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក នាបណ្តាឆ្នាំកន្លងមកដូចជា កិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុង កិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុប្រគល់ទទួលអដ្ឋិធាតុ និងកម្មវិធីជូពរក្នុងឱកាសពិធីបុណ្យ ប្រពៃណីជាតិផ្សេងៗទៀត របស់ប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាព នៃខេត្តយើងទាំងពីរ (កោះកុង-គៀនយ៉ាង) នឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីភាពរីកចំរើន និងភាពសុខ ក្សេមក្សាន្តរបស់ប្រជាជន នៃខេត្តយើងទាំងពីរ។
ជាទីបញ្ចប់ ក្នុងនាមក្រុមការងារខេត្តកោះកុង និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមជូនពរលោក វរសេនីយ៍ឯក ប្រធានប្រតិភូ និងប្រតិភូអមដំណើរទាំងអស់ នៃគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង សូមទទួលបានជោគជ័យក្នុងដំណើរបេសកកម្មនេះ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ និងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព៕
ថ្ងៃអង្គារ ៤ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ October 3, 2023

អត្ថបទទាក់ទង