ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អមដំណើរដោយថ្នាក់ដឹកនាំផ្នែករដ្ឋបាល បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ការលើកលែងការបង់ថ្លៃដល់អ្នកជំងឺឈ្មោះ សម្បត្តិ ផាន់ម៉ា ភេទស្រី អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សូមបញ្ជាក់ថា នៅអធ្រាត្រថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីទទួលដំណឹងពីមណ្ឌលសុខភាពនាងកុកថា ស្ត្រីខាងលើឈឺពោះត្រៀមសម្រាលកូន (អាយុគភ៌៣២សប្តាហ៍) មានសញ្ញាត្រូវការសង្គ្រោះបន្ទាន់ ក្រុមការងាររថយន្តសង្គ្រោះ និងមន្ត្រីផ្នែកសម្ភព នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះទៅជួយសង្គ្រោះភ្លាមៗ។ ក្នុងកំឡុងពេលធ្វើដំណើរត្រឡប់មកវិញតាមរយៈរថយន្តសង្គ្រោះ មិនទាន់ដល់មន្ទីរពេទ្យផង ដោយសារស្ថានភាពមាត់ស្បូនបើកអស់ ស្រ្តីនោះបានសម្រាលកូននៅលើរថយន្តសង្គ្រោះតែម្តង មន្ត្រីឆ្មបយើងបានជួយសង្គ្រោះ សម្រាលកូននៅលើរថយន្ត បានទារកភេទប្រុស ទំងន់១គក្រ និងបន្ទាប់មកបានដឹកមកបន្តការថែទាំ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនៅវេលាម៉ោង២៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល ។ ដោយសារទារកមានទំងន់ទាប កើតមិនគ្រប់ខែ និងមានបញ្ហាសុខភាព ទារកត្រូវការថែទាំ ព្យាបាលបន្តនិងត្រូវការប្រើបច្ចេកទសចិញ្ចឹមក្នុងកែវនៅមន្ទីរពេទ្យថ្នាក់ជាតិរយៈពេលយូរទៀត តែដោយសារអ្នកជំងឺថា គាត់មិនមានលទ្ធភាពចំណាយក្នុងកំឡុងបន្តការថែទាំ ព្យាបាលនៅមន្ទីរនៅរាជធានីភ្នំពេញ ទោះជាមន្ទីរពេទ្យបង្អែកខេត្តកោះកុង លើកលែងបង់ថ្លៃសេវាថែទាំ ព្យាបាល និងថ្លៃសេវាបញ្ជូនក៏ដោយ អ្នកជំងឺ និងគ្រួសារបានសម្រេចចិត្តបន្តការថែទាំ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងដដែល។