នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អមដំណើរដោយថ្នាក់ដឹកនាំផ្នែករដ្ឋបាល បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូនថវិកាមួយចំនួនដល់អ្នកជំងឺ ឈ្មោះ ទឹប ស្រី អាយុ ៣៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលតែម្នាក់ឯង (ទើបបែកបាក់គ្នាជាមួយស្វាមី និងគ្មានសាច់ញាតិនៅជាមួយ) មានជីវភាពក្រីក្រ ខ្វះខាត មានអាសយដ្ឋានបណ្ដោះអាសន្ននៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សូមបញ្ជាក់ថានៅអធ្រាត្រថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ រំលងចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីខាងលើបានឈឺពោះត្រៀមសម្រាលកូន នៅក្នុងបន្ទប់ជួលតែម្នាក់ឯង និងបានអ្នកជិតខាងជូនដំណឹងដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទើបក្រុមការងាររថយន្តសង្គ្រោះ និងមន្ត្រីផ្នែកសម្ភព ចុះទៅជួយសង្គ្រោះភ្លាមៗ តែដោយសារស្ថានភាពមាត់ស្បូនបើកអស់ និងដល់ពេលត្រូវសម្រាលទៅហើយនោះ មន្ត្រីឆ្មបយើងបានជួយសង្គ្រោះ សម្រាលកូននៅបន្ទប់នោះតែម្ដង ដោយសម្រាលបានទារកភេទស្រី ទំងន់៣គក្រ ជាកូនទី៣ និងបន្ទាប់មកបានដឹកគាត់ និងទារក មកបន្តការថែទាំ ព្យាបាលនៅមន្ទីរពេទ្យ នៅវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ដោយសវុត្ថិភាព ទាំងម្ដាយ និងកូន។
ដោយមើលឃើញពីការលំបាក និងជីវភាពខ្វះខាតរបស់អ្នកជំងឺ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្តល់ការលើកលែងការបង់ថ្លៃជូនអ្នកជំងឺក្នុងកំឡុងពេលសម្រាកថែទាំ ព្យាបាលក្នុងមន្ទីរពេទ្យ និងបានផ្ដល់ថវិកាមួយចំនួនដើម្បីដោះស្រាយក្នុងជីវភាពមួយគ្រា។
ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។