រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ខេត្តកោះកុង ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»

ខេត្តកោះកុង ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»

ស្របពេលទៅនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជា ពិភពលោក ប្រារព្ធទិវានារីអន្តរជាតិ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីរំលឹកឡើងវិញ នូវការតស៊ូ របស់វីរៈស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ នៅក្នុងសង្គម។ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ខេត្តកោះកុង ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»។ ពិធីនេះ រៀបចំនៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងស្វាមី ដោយមានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ អង្គភាព និងស្ថាប័ន ក្នុងខេត្ត ព្រមទាំង អភិបាលរងក្រុង ស្រុក ជាស្ត្រី អញ្ជើញមកពីក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង ជាច្រើននាក់ផងដែរ។
បន្ទាប់ពីអាននូវព្រះរាជសារ សម្តេចព្រះមហាក្សត្រីយានី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ថ្លែងនៅក្នុងឱកាសទិវានារី អន្តរជាតិ រួចមកលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានសម្តែងនូវកោតសរសើរ ដល់មន្ទីរកិច្ចការនារីខេត្ត ដែលបានចូលរួមជាមួយនារី ទូទាំងប្រទេស ដើម្បីរៀបចំពិធីនេះ ក្នុងគោលដៅរំលឹកដល់ការតស៊ូ ព្យាយាម អត់ធ្មត់ និងចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្ស ឲ្យទទួលស្គាល់ និងផ្តល់ឱកាសដល់ស្រ្តី ទទួលបានអត្ថប្រយោជន៍ ពីធនធានសេដ្ឋកិច្ចសង្គម និងសិទ្ធិ ជាពលរដ្ឋស្មើគ្នា ជាមួយបុរស ដើម្បីធ្វើឲ្យជីវិតរស់នៅ ឈានឆ្ពោះទៅរកភាពសុខដុមរម្យនា និងភាពសម្បូររុងរឿង រួចផុតពីភាពងាយរងគ្រោះ។ លោកជំទាវមានប្រសាសន៍ថា ប្រធានបទ«មានសន្តិភាព មានការលើកកម្ពស់សមាសភាពយេនឌ័រ» គឺបានផ្តល់ន័យ យ៉ាងសំខាន់ និងទូលំទូលាយ ក្នុងការចូលរួម របស់បុរស និងស្ត្រី ដែលទទួលយកបាននូវសិទ្ធិស្មើគ្នា ឱកាសដូចៗគ្នា ហើយជាដៃគូរដ៏សក្តិសម និងការទទួលបាន ដោយការគាំទ្រយ៉ាងពេញទំហឹង ពីរដ្ឋាភិបាល ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងសង្គមកម្ពុជាទាំងមូល ជាពិសេស គឺស្រ្តីខ្លួនឯងផ្ទាល់ សម្រាប់ផ្តល់ជាធនធានមនុស្ស ប្រកបដោយសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជម្រុញ និងពន្លឿនកិច្ចរអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឱ្យឈានទៅរកភាព រីកចំរើនរុងរឿង ខណៈដែលប្រទេសជាតិយើង កំពុងទទួលបាននូវសុខសន្តិភាព ពេញផ្ទែប្រទេសនោះ។ ម្យ៉ាងវិញទៀត ការប្រារព្ធទិវា ខាងលើនេះដែរ ក៏មានគោលបំណង បន្តរំលេចអំពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាន នៃសន្តិភាព ដែលយើងទាំងអស់គ្នា កំពុងអរគុណ សន្តិភាព ផងដែរ។
នាឱកាសនោះលោកជំទាវ អភិបាលខេត្តកោះកុង ក៏បានលើកសំណូមពរ ទៅដល់ស្ត្រីទាំងអស់ ត្រូវចេះគិតគូរអំពីខ្លួនឯងជាមុនសិន ថ្វីត្បិតតែ បញ្ហាស្ត្រី គឺជាបញ្ហា របស់យើងទាំងអស់គ្នាត្រូវគិត ក៏ដោយ ពីព្រោះថា ស្ត្រី គឺជាឆ្អឹងខ្នង នៃសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈនេះ ក៏សូមឲ្យបងប្អូនជាស្ត្រីគ្រប់ៗរូប ត្រូវពង្រឹងសមត្ថភាពការងារ និងបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីមានចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ ហើយទទួលឱកាស ចូលរួមចំណែកក្នុងសកម្មភាពនានា ទាំងឆាកនយោបាយ និងសង្គម៕

អត្ថបទទាក់ទង