រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាររំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព លោកជំទាវ សរ ស៊ីមអុីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង។

យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង មានសេចក្តីសោកស្តាយ អាឡោះអាល័យ និងក្រៀមក្រំ ជាទីបំផុត ចំពោះការទទួលមរណភាពរបស់ លោកជំទាវ សរ ស៊ីមអុីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង កាលពីថ្ងៃ សុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្នុង ជន្មាយុ ៦៦ឆ្នាំ ដោយជំងឺគាំងបេះដូង។
ការទទួលមរណភាពរបស់ លោកជំទាវ សរ ស៊ីមអុីម គឺជាការបាត់បង់ម្តាយ ជីដូន ជាទីគោរព ស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌មួយរូបសម្រាប់ក្រុមគ្រួសារសាច់ញាតិ ដែលលោកជំទាវបានរួមចំណែក ក្នុងកិច្ចការថែទាំ អប់រំ និងទូន្មានកូនចៅ ឱ្យប្រកបដោយគន្លងធម៌។ ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សូមចូលរួមចំណែករំលែកទុក្ខ ដោយក្តីអាឡោះអាល័យក្រៃលែងជាទី បំផុតជាមួយគ្រួសារសាច់ញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ លោកជំទាវ សរ ស៊ីមអុីម បានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមក្រុមគ្រួសារសាច់ញ្ញាតិនៃសព លោកជំទាវ សរ ស៊ីមអុីម ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា។

ថ្ងៃសុក្រ ១៥ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង