រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រោះធម្មជាតិរន្ទះបាញ់បណ្តាលឲ្យកុមារា២នាក់ស្លាប់ភ្លាមៗ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីល្ងាចនៅចំណុចស្រែត្រែងក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង ÷ គ្រោះធម្មជាតិរន្ទះបាញ់បណ្តាលឲ្យកុមារា២នាក់ស្លាប់ភ្លាមៗ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីល្ងាចនៅចំណុចស្រែត្រែងក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
សពជនរងគ្រោះមានឈ្មោះ​៖​​ ទី១-ឈ្មោះ បូ សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ និងទី២-ឈ្មោះ រតនៈ ភេទប្រុស អាយុ ១១ឆ្នាំ មុខរបរសិស្សទាំង២នាក់។តាមប្រភពព័ត៌មានពីគ្រួសារសពបានឲ្យដឹងថា កូននិងក្មួយបានទៅជួយភ្ជួរស្រែ ខណៈមានភ្លៀងលាយផ្គររន្ទ:ហើយក៍បានត្រូវរន្ទះបាញ់ចំក្មេងទាំងពីរបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអនុសាខាស្រុកស្រែអំបិល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយក្រុមប្រតិបត្តិសាខា សហការជាមួយក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល រដ្ឋបាលសាលាស្រុក រួមដំណេីរដោយ អាជ្ញាធរមូលដ្ឋាន បាននាំយកសម្ភារ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខគ្រួសារសពក្មេងប្រុសទាំង២ បានរងគ្រោះស្លាប់ដោយរន្ទះបាញ់ បច្ចុប្បន្ន សពទាំងពីរសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្នុងឱកាសនេះ ក្រុមការងារ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកមរណទុក្ខរបស់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន និងសូមឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធសពបានដល់ឋានសុគតិភព។ ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺអ៊ុតស្វា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាចូលរួមរំលែកទុក្ខសពទាំង២នាក់រួមមាន៖ អង្ករ ៥០គក្រ មី២កញ្ចប់ ត្រីខ២ឡូ ទឹកត្រី៤ដប ទឹកសុទ្ធ២កេស អាវយឺត៤ ព្រមទាំថវិកា ១,០០០,០០០ រៀល ។ដោយឡែកសម្ភារដែលអនុសាខាចូលរួម៖ អង្ករ១០០ គក្រ មី៤កេស ទឹកត្រី៤កេស ត្រីខ២កេស ទឹកសុទ្ធ២កេស ព្រមទាំងថវិកា ៤០០,០០០ រៀល ព្រមទាំងថវិកាឃុំ៤០០,០០០ រៀលផងដែរ។

អត្ថបទទាក់ទង