លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់សាសនិកឥស្លាមចំនួន២២០គ្រួសារ ស្ថិតក្នុងភូមិន៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលជាអំណោយរបស់សមាគមមនុស្សធម៌ដារុលអាឃីរ៉ោះកម្ពុជាប្រចាំខេត្តកោះកុង។
តាមរយ:ការសំណេះសំណាលនេះផងដែរលោក អ៊ូច ទូច បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ដល់បងប្អូនសាសនិកឥស្លាមដែលមកទទួលអំណោយពេលនេះ ក៏ដូចជាសាសនិកឥស្លាមទូទាំងខេត្ត ដែលកន្លងមកបងប្អូនតែងតែគាំទ្រ និងសហការជាមួយអាជ្ញាធរមករហូត ជាពិសេសការគាំទ្រជឿជាក់លើគណបក្សប្រជាជនកម្ពុជា រហូតនាំមកបាននូវសន្តិភាពពេញលេញជូនបងប្អូនប្រជាពលរដ្ឋ នាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការគិតគូរខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតនៅតាមមូលដ្ឋាន ជាក់ស្តែងពិធីចែកអំណោយនាពេលនេះតែម្តង។
សមិទ្ធផលនានា និងការនាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជាទាំងមូល ក៏ដោយសារយើងមានការដឹកនាំដ៏ឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាបន្តជឿជាក់ និងគាំទ្របន្តបោះឆ្នោតយ៉ាងយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នាពេលខាងមុខ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ និងអាណត្តិបន្តបន្ទាប់ទៅមុខ ដើម្បីផ្តល់ឱកាសជូនគណបក្សបានបន្តដឹកនាំកសាងអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនឥតឈប់ឈរលើគ្រប់វិស័យ។
"អរគុណសន្តិភាព"
"អរគុណនយោបាយ ឈ្នះ ឈ្នះ"
ថ្ងៃអាទិត្យ ១០ រោច ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២
March 27, 2022