រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់ប្រជាពលរដ្ឋនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ ដោយមានការគិតគូរ និងចង្អុលបង្ហាញពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តកោះកុង តំណាងដោយ ឯកឧត្តម សំឃីត វៀន សមាជិកគណៈកម្មាធិការសាខា និងជាសមាជិកក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយសាខា សហការជាមួយឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អនុសាខាក្រុងខេមរភូមិន្ទ អាជ្ញាធរសង្កាត់ដងទង់ នៅសាលាសង្កាត់ដងទង់ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយអំពីវិធីសាស្រ្តប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យ វិធីសាស្រ្តថែទាំ ទុកដាក់ និងត្រួតពិនិត្យបំពង់ ឱ្យត្រូវតាមបច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣០នាក់ រស់នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៥០នាក់ ស្រី ១៥នាក់។

ឯកឧត្តម សំឃីត វៀន សមាជិកគណៈកម្មាធិការសាខា និងជាសមាជិកក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយសាខាបានឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងនិងមានភាពជាម្ចាស់ការ ក្នុងគ្រាមានអាសន្ន អាចចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងការជម្លៀសជនរងគ្រោះចេញពីកន្លែងគ្រោះថ្នាក់ទៅកន្លែងមានសុវត្ថិភាព អំពីគ្រោះអគ្គិភ័យដែលកើតឡើងដោយការធ្វេសប្រហែស ដែលធ្លាប់កើតមានកន្លងមកដូចជា ការដាំស្លមិនពន្លត់ភ្លើង មិនបិទហ្គាស ការចាកចេញពីលំនៅដ្ឋានមិនបិទប៉ារ៉ែតភ្លើង ការអុជទានធូប ការឆ្អើរត្រី ការលក់ប្រេងឥន្ធនៈ និងលក់ហ្គាស មិនប្រុងប្រយ័ត្នជាដើម ។

ក្នុងកម្មវិធីនោះដែរក្រុមការងារនៃការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានផ្តល់នូវបច្ចេកទេសក្នុងពេលជួបហានិភ័យពេលមានអគ្គិភ័យកើតឡើង ក្រុមជំនាញបានធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង និងជំនាញសំខាន់ៗ ចំនួនពីរដល់បងប្អូនប្រជាពលរដ្ឋ គឺ ÷

១/-វិធីប្រើប្រាស់ ថែរក្សា បំពង់ពន្លត់អគ្គិភ័យ ។

២/-ការជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ។ ចុងបញ្ចប់នៃវគ្គផ្សព្វផ្សាយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានផ្តល់ជូនបំពង់ពន្លត់អគ្គិភ័យចំនួន ១៥បំពង់ ដល់បងប្អូនប្រជាពលរដ្ឋស្មើនឹងគ្រួសារផងដែរ ។

អត្ថបទទាក់ទង