ថ្ងៃចន្ទ-អង្គារ ៤-៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២
លោក ប៊ុត ហ៊ន អនុប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមក្នុងសិក្ខាសាលាស្តីពី "ការិយាល័យ ព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន" ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលមហោស្រពខេត្ត។
សិក្ខាសាលានេះ មានគោលបំណងស្នូលក្នុងការចែករំលែកនូវទស្សនទាន យន្តការ យុទ្ធសាស្រ្ត និងបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវ អភិបាលកិច្ចល្អលើវិស័យព័ត៌មាន ថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុស ព័ត៌មាន ឱ្យចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។ អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លងរវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្តល់ការយល់ ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធភាព។