រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធនានាព្រមទាំងភ្ញៀវកិត្តិយស ទាំងអស់ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់រដ្ឋបាលខេត្តកោះកុង នាពេលនេះ ដោយរួមមកជាមួយនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ក្នុងការអនុវត្តការងារ និងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបានសមិទ្ធិផលជាច្រើនក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ ក្នុងរយៈពេល ពីរឆ្នាំកន្លងទៅនេះ ពោលគឺក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខេត្តកោះកុងរបស់យើង ក៏ដូចជាបណ្តាខេត្តដទៃទៀតទូទាំងប្រទេស បានខិតខំពុះពារ ជម្នះ និងឆ្លងកាត់នូវបញ្ហាស្មុគស្មាញជាច្រើន ដោយសារមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច-សង្គម ជាពិសេសជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតែម្តង។ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការលំបាកនានាដែលបានកើតឡើងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ គោលការណ៍ និងវិធានការដ៏មុតស្រួចក្នុងប្រយុទ្ធប្រឆាំងនឹងជំងីកូវីដ-១៩ ការស្វះស្វែងរកវ៉ាក់សាំងចាក់បង្ការការពារជូនប្រជាពលរដ្ឋដើម្បីបង្កើតឱ្យមានភាពស៊ាំ នៅក្នុងសហគមន៍ ការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មករ រោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិ នៃជំងឺកូវីដ-១៩ ការធ្វើអន្តរាគមន៍នានាដើម្បីទប់ទំនឹងសេដ្ឋកិច្ចសង្គមកុំឱ្យដួលរលំ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការធានាឱ្យដំណើរស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណៈចាំបាច់នានា ព្រមទាំងវិធានការចាំបាច់នានាជាច្រើនទៀត ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម ក្នុងវិបត្តិនៃជំងឺកូវីដ-១៩។ អាស្រ័យដោយមានការខិតខំប្រឹងប្រែងទាំងនេះ ដែលបានបង្កលក្ខណៈសម្បត្តិដល់ប្រទេសយើងអាចបើកឱ្យដំណើការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យទាំងអស់ ហើយស្ថាប័នសាធារណៈគ្រប់ថ្នាក់ ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី ហើយបង្កឱកាសឱ្យយើងទាំងអស់គ្នាបានមកជួបប្រជុំគ្នាដោយផ្ទាល់ក្នុងពិធីសន្និបាត នាពេលនេះ។ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកដែលបង្កឡើងដោយវិបតិ្តជំងឺកូវីដ-១៩ក៏ដោយ តាមរយៈសន្និបាតនាពេលនេះ នាងខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការស៊ីវិលទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត សម្រេចបាននូវស្នាដៃធំៗជាច្រើនរួមចំណែកជំរុញដល់ការអភិវឌ្ឍខេត្តកោះកុង ឱ្យប្រែមុខមាត់ថ្មី គួរជាទីមោទនៈ។ ដោយផ្អែកតាមលទ្ធផលការងារប្រចាំឆ្នាំ២០២១របស់រដ្ឋបាលខេត្ត យើងមានមោទនៈភាពជាខ្លាំង ដោយបានសហការគ្នាអនុវត្តការងារប្រកបដោយជោគជ័យនូវកិច្ចការធំៗ ហើយទទួលបានលទ្ធផល ដូចខាងក្រោម៖
• កិច្ចការសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ ត្រូវបានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធខិតខំយកចិត្តទុកដាក់អនុវត្តបានយ៉ាងល្អប្រសើរ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការអប់រំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមគោរពអនុវត្តច្បាប់ហើយដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍បានថយចុះ គួរឱ្យកត់សម្គាល់។ ចំពោះការបង្ការទប់ស្កាត់អគ្គិភ័យ ក៏ត្រូវបានយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអប់រំ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងការណែនាំ ពីវិធានការនានា តាមរយៈការចេញសេចក្តីណែនាំនានា របស់រដ្ឋបាលខេត្ត។

• ការបំរើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋាន ក៏ត្រូវបានពង្រឹងគុណភាព សមត្ថភាពក៏ដូចជាការកែលម្អរជាប្រចាំ នូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ និងការបន្តជំរុញចលនាអនុវត្តគោលនយោបាយ “ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដែលជាកិច្ចការសំខាន់ចាំបាច់បំផុត និងបានធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងចូលរួមក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព នៅមូលដ្ឋាន។
• ការងារអត្តសញ្ញាណកម្ម ក៏ត្រូវបានមន្ត្រីជំនាញខិតខំអនុវត្តស្របតាមក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងត្រូវបានបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រី ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងអត្តសញ្ញាណបុគ្គលម្នាក់ៗ សំដៅឆ្លើយតបទៅនឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់កិច្ចអភិវឌ្ឍន៍នានាដែលត្រូវប្រើប្រាស់អត្តសញ្ញាណបុគ្គល។
• កិច្ចការពន្ធនាគារ ក៏ត្រូវបានខិតខំយកចិត្តទុកដាក់លើការគ្រប់គ្រងថែរក្សា ការពារសុវត្ថិភាពនៅពន្ធនាគារដោយអនុវត្តតាមគោលការណ៍ និងវិធានការនានា ព្រមទាំងវិធានការសុខាភិបាលដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្ស និងជនជាប់ឃុំ ព្រមទាំងការយកចិត្តទុកដាក់ថែទាំសុខភាព និងជីវភាពនៃជនជាប់ឃុំផងដែរ។
• ចំពោះការអនុវត្តលើវិស័យសង្គមកិច្ចដទៃទៀត ក៏ត្រូវបានពង្រឹងបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព និងលើកទឹកចិត្ត ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ឱ្យខិតខំបន្តអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីបម្រើសេវានានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។
• ចំពោះកិច្ចការទំនាក់ទំនង សហប្រតិបត្តិការអន្តរជាតិ រដ្ឋបាលខេត្តបានបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសថៃ បានយ៉ាងល្អប្រសើរ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការសន្តិសុខតាមព្រំដែន និងបានបន្តជំរុញឱ្យមានការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែនអន្តរជាតិចាំយាម-ហាតឡេក សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានខិតខំពង្រឹងចំណងមិត្តភាពជាមួយខេត្តសម្ព័ន្ធមិត្ត នៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានចុះអនុស្សារណៈយោគយល់គ្នាជាមួយខេត្តជីលីន ខេត្តយូណាន ក្រុងវ៉ៃណាន នៃខេត្តសានស៊ី និងត្រៀមចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងខេត្ត ហឺប៉ិយ លើវិស័យកសិ-ឧស្សាហកម្ម វិស័យអប់រំ វិស័យសុខាភិបាល វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធ៌ម ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ច និងការរីកចម្រើនទូទៅ ។
• ចំពោះវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២១ រដ្ឋបាលខេត្តបានអនុវត្ត និងទទួលបានសមិទ្ធិផលទូទាំងខេត្តដូចខាងក្រោម៖
១. បានសាងសង់ផ្លូវបេតុងអាមេ ចំនួន៣៩ខ្សែ ប្រវែងសរុប ១៣,៨៦ គ.ម
២. បានសាងសង់ផ្លូវកៅស៊ូអាសេ (AC) ចំនួន៥ខ្សែ ប្រវែងសរុប ៥,០៤គ.ម
៣. បានសាងសង់ផ្លូវគ្រួសក្រហម ចំនួន ១១ ខ្សែ ប្រវែង ៣៩ គ.ម
៤. បានសាងសង់លូកាត់ផ្លូវ ចំនួន ០២កន្លែង
៥. បានសាងសង់លូដោះទឹក ចំនួន ០៧ខ្សែ ប្រវែងសរុប ១,០៥៩ ម៉ែត្រ
៦. បានសាងសង់អគារច្រកចេញចូលតែមួយ ចំនួន០១កន្លែង
៧. បានសាងសង់អគាររដ្ឋបាលខេត្តកោះកុង ចំនួន០១កន្លែង
៨. បានរៀបចំសួនច្បារ ចំនួន០២កន្លែង ក្នុងក្រុងខេមរភូមិន្ទ
៩. បានជួសជុលសាលមហោស្រព ០១កន្លែង
១០. បានជីកស្រះចំនួន ០២ កន្លែង
១១. បានស្តារប្រឡាយ ចំនួន ០២ខ្សែ ប្រវែង ១,៣៧៧ ម៉ែត្រ
១២. បានសាងសង់កំពង់ផែ ចំនួន ០១កន្លែង
• អំពីការពង្រឹងរបៀបរបប និងប្រសិទ្ធភាពការងារ៖ ដោយអនុវត្តតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និង ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាច្បាប់សម្រាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលខេត្ត បានពង្រឹងរបៀបរបប និងប្រសិទ្ធភាពការងារដោយបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានយ៉ាងទៀងទាត់ទៅតាមដីកាស្តីពី ការកំណត់ប្រតិទិន និងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា កិច្ចប្រជុំគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំគណៈបញ្ជាការឯកភាព កិច្ចប្រជុំគណៈអភិបាលខេត្ត និងកិច្ចប្រជុំនានា ស្របតាមច្បាប់ និងគោលការណ៍ណែនាំ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា ដោយបច្ចុប្បន្ននេះ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្រុង ស្រុក ក៏ដូចជាមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត បានអនុវត្តការងារក្នុងក្របខណ្ឌជារដ្ឋបាលឯកភាពមួយ ដោយមានដំណើរ រលូនគួរឱ្យកត់សំគាល់។ ផ្អែកតាមលទ្ធផលនេះ យើងជឿជាក់ថា ប្រសិទ្ធភាពការងាររដ្ឋបាល នឹងកាន់តែល្អប្រសើរ ដោយយើងទាំងអស់គ្នា ត្រូវបន្តចូលរួមអនុវត្តឱ្យបានត្រឹមត្រូវទៅតាមតួនាទី ភារកិច្ច របស់អង្គភាពនីមួយៗ។
• អំពីសាមគ្គីភាពផ្ទៃក្នុង៖ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង មានសាមគ្គីភាពគ្នាល្អ ប្រកាន់នូវអត្តចរិកថ្លៃថ្នូរ មានភាពជិតស្និទ្ធជាមួយប្រជាជន និងបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមន្ត្រីរាជការមួយចំនួនតូច ឆ្លៀតឱកាសប្រើប្រាស់មុខងារ តួនាទី ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណុចនេះ នាងខ្ញុំ សូមអំពាវនាវអោយមន្ត្រីគ្រប់រូប គោរពអោយបានម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតួនាទី ភារកិច្ចរបស់ខ្លួន ដោយត្រូវចាត់ទុកថា ខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ ហើយមិនត្រូវឆ្លៀតឱកាស ទាញយកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។គួររំលឹកថាចំពោះមន្ត្រីរាជការគឺមានតែការគោរពវិន័យ ការលើកកម្ពស់ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ចំពោះតួនាទី ភារកិច្ច និងភាពថ្លៃថ្នូក្នុងវិជ្ជាជីវៈការងារប៉ុណ្ណោះ ទើបអាចបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ បានល្អប្រសើរ។ ក្រៅពីសមិទ្ធិផលខាងលើនេះ ក៏នៅមានសមិទ្ធិផលនានាជាច្រើនទៀត ដូចមាននៅក្នុងរបាយការណ៍ដែលបានផ្តល់ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូលនេះស្រាប់។
សរុបមក សមិទ្ធិផលដែលសម្រេចបានខាងលើនេះ ពិតជាបានមកដោយមានការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ហើយខ្ញុំក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ ព្រមទាំង ស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការ សង្គមស៊ីវិលដែលពាក់ព័ន្ធទាំងអស់ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ក៏យើងបានខិតខំរួមគ្នាអនុវត្តការងារ សម្រេចបាននូវសមិទ្ធិផលខាងលើគួរជាទីមោទនៈ៕
ថ្ងៃចន្ទ ១២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ March 14, 2022

អត្ថបទទាក់ទង