លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើរបស់ក្រុមហ៊ុន ហុង ម៉េងជូ ស្នើសូមជួយអន្តរាគមន៍កាត់ឆ្វៀលដីទំហំ ៥៣២ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ក្នុងភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំនេះ ជាជំហររបស់រដ្ឋបាលខេត្តកោះកុង មន្ទីរជំនាញពាក់ព័ន្ធ ក៏ដូចជាអង្គប្រជុំទាំងមូល គឺគាំទ្រនូវការវិនិយោគដើម្បីចូលរួមអភិវឌ្ឍខេត្តកោះកុង ប៉ុន្តែដោយសារទីតាំងដីដែលក្រុមហ៊ុនបានស្នើសូម គឺជាដីស្ថិតក្នុងតំបន់ការពារធម្មជាតិ (ឧទ្យានជាតិបុទុមសាគរ) ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ដូច្នេះពាក់ព័ន្ធនឹងទីតាំងដីនេះ រដ្ឋបាលខេត្តមិនអាចសម្រេចបានទេ ហើយការសម្រេចគឺជាសមត្ថកិច្ចរបស់ថ្នាក់ជាតិ។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ជាតំណាងលោកជំទាវអភិបាលខេត្ត លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន លោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក វាំង វីរៈ មេឃុំតានូន និងតំណាងក្រុមហ៊ុន ហុង ម៉េងជូ៕
ថ្ងៃអង្គារ ៧ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ February 8, 2022