ស្រុកកោះកុង ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក ជា សូវី អភិបាលស្រុក និងប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និង អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង សហការជាមួយគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា និងអាជ្ញាធរឃុំជ្រោយប្រស់ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ និងថវិកាប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា និងជនពិការភាពចំនួន ០៤គ្រួសារ រស់នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង
ក្រុមការងារបាននាំយកនូវសម្ភារដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី រួមមាន ៖ អង្ករចំនួន ២៥គីឡូក្រាម ទឹកសុីអុីវ ១យួរ ទឹកសុទ្ធ ១កេស ទឹកត្រី ៣ដប មី ១កេស និងថ្នាំពេទ្យមួយចំនួនទៀត ក្នុងនោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បានចូលរួមថវិកាមួយគ្រួសារចំនួន ១០០ ០០០រៀល (មួយរយពាន់រៀលគត់)។
លោក អ៊ឹង ទូច អនុប្រធានកិត្តិយស តំណាងលោក ទេព វិស្កុល ប្រធានកិត្តិយសអនុសាខា បាននាំយកថវិការបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ចូលរួមឧបត្ថម្ភដោយក្នុងនោះមួយគ្រួសារទទួលបាន ១០០ ០០០រៀល (មួយរយពាន់រៀលគត់)។