លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើកវគ្គសវនកម្ម នៅខេត្តកោះកុងសម្រាប់ការិយបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ។
លោកអភិបាលរងខេត្ត បានលើកឡើងថា អាជ្ញាធរសវនកម្មជាតិមានកាតព្វកិច្ចធ្វើសវនកម្មលើការគ្រប់ក្រសួង ស្ថាប័ន ខេត្ត ក្រុង និងរដ្ឋបាលមូលដ្ឋាន ហើយធ្វើរបាយការណ៍ជូនទៅរដ្ឋសភា ព្រឹទ្ធសភា និងផ្តល់ព័ត៌មានដល់ រាជរដ្ឋាភិបាល។ អាជ្ញាធរសវនកម្មជាតិនឹងធ្វើសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពី ការគ្រប់គ្រងចំណូល-ចំណាយថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ខេត្តកោះកុង និងមន្ទីរជំនាញ សម្រាប់ការិយបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ ព្រមទាំងធ្វើការតាមដានអនុសាសន៍សវនកម្មដែលអាជ្ញាធរ សវនកម្មជាតិបានផ្តល់ជូនក្នុងរបាយការណ៍សវនកម្មនាពេលកន្លងមក ដោយប្រើប្រាស់យន្តការ នៃការធ្វើ សវនកម្មពីចម្ងាយតាមប្រព័ន្ធព័ត៌មានវិទ្យា និងការចុះអនុវត្តជាក់ស្ដែងក្នុងករណីចាំបាច់។ ដើម្បីឱ្យការធ្វើសវនកម្មនេះ ដំណើរការបានល្អ និងសម្រេចបានជោគជ័យ សូមលោក លោកស្រី ប្រធានមន្ទីរ អង្គភាព ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សូមផ្តល់កិច្ចសហការ ផ្តល់ឯកសារ និងព័ត៌មានពាក់ព័ន្ធផ្សេងៗ និងចាត់តំណាងឱ្យសហការជាប្រចាំ ជាមួយគណៈប្រតិភូសវនកម្ម៕
ថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ January 27, 2022