សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្តចុះផ្សព្វផ្សាយពីវិធានការពារខ្លួនពីជំងឺកូវីដ១៩ និងលើកកម្ពស់សុខភាពផ្លូវចិត្ត ដល់បងប្អូននៅតាមសហគមន៍ ពលករចំណាកស្រុក និងអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង
សាខា កក្រក កោះកុង៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការបង្ការការពារជំងឺឆ្លងកូវីដ១៩ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន ឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា នៅក្នុងខែវិច្ឆិកានេះ បានចាត់ឲ្យក្រុមប្រតិបត្តសាខាសហការជាមួយក្រុមការងារអនុសាខា អាជ្ញាធរមូលដ្ឋាន ដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមសរុបចំនួន ២៨នាក់ ស្រី១៨ នាក់ បន្តចុះធ្វើការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ អោយដូចភ្លៀងរលឹម ជូនដល់បងប្ងូននៅតាមសហគមន៍ ពលករចំណាកស្រុក នៅតាមមណ្ឌលចត្តាឡីស័ក និងអ្នកជាប់ឃុំក្នុងពន្ធនាគារ ខេត្តកោះកុង បានចំនួន៤៣៨ ខ្នងផ្ទះ ស្មើនឹងប្រជាជនសរុប៧៩២ នាក់ ស្រី៥៩៧ នាក់ ពលករចំណាកស្រុក៤០នាក់ ស្រី២៣នាក់ ។
យុទ្ធនាការនេះបានការជួយឧបត្ថម្ភគាំទ្រពីសមាគមន៍កាកបាទក្រហម អន្តរជាតិ (ICRC) តាមរយៈគម្រោងត្រៀមបង្ការ និងឆ្លេីយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
គោលបំណងនៃយុទ្ធនាការនេះគឺ ដេីម្បីចូលរួមក្នុងយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»ឱ្យមានប្រសិទ្ធភាពខ្ពស់ រៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងខ្លួនថ្មីៗ ដែលត្រូវរកឃើញដោយអង្គការសុខភាពពិភពលោកនាពេលថ្មីៗនេះ ។
ក្នុងយុទ្ធនាការនេះ ក៏មានការផ្សព្វផ្សាយតាមវិទ្យុសាគរកោះកុង ការចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ស្តីពីវិធានការការពារខ្លួនពីជំងឺកូវីដ១៩េ ការលើកម្ពស់សុខភាពផ្លូវចិត្ត និងការទទួលខុសត្រូវរបស់សហគមន៍ វិជ្ជាសង្គ្រោះបឋម ក្នុងបរិបទជំងឺកូវីដ១៩ អោយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ជាពិសេសបងប្អូនដែលជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ អ្នកជាប់ឃុំក្នុងពន្ធនាគារ ដើម្បីអោយពួកគាត់បានយល់ដឹង និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ។ យុទ្ធនាការនេះ មានការចែកនូវម៉ាស់ សាប៊ូដុំ ខិត្តប័ណ្ណអប់រំពីជំងឺកូវីដ១៩ និងមានចាក់ជាសារសម្លេងអប់រំពីវិធានការទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ) និង ៣ កុំ ( ១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកមកៀកស្មាគ្នា កុំឱបគ្នាជាដេីម ) ជាមួយគ្នានោះផងដែរក្រុមការងារក៏បានអំពាវនាវសូមអោយពុកម៉ែបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសថែរក្សាសុខភាពមនុស្សជាទីស្រឡាញ់ ពិសេសមនុស្សចាស់ និងកុមារតូចៗ ព្រោះថាអាកាសធាតុចាប់ផ្តើមចុះត្រជាក់បណ្តើរៗហើយ។
ក្នុងយុទ្ធនាការនោះដែរ សាខាបានប្រើប្រាស់សម្ភាររួមមាន ៖ ផ្ទាំងផ្សព្វផ្សាយ ១០០ផ្ទាំង ប័ណ្ណប្រកាស ៥០០សន្លឹក ប័ណ្ណសន្លឹកបត់ ៣០០សន្លឹក ជេលលាងដៃ ១៥ដប និងផ្តល់ម៉ាស់ក្រណាត់ចំនួន ១៥០ម៉ាស់ សាប៊ូដុំ ១៧០ដុំ ផងដែរ ៕