លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធនឹង ទំនាស់ដីធ្លីនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្រាវជ្រាវ សាវតាដីមានទំនាស់ ចំនួន ២ករណី ដែលមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ករណីទំនាស់ដីធ្លីនេះ កើតមានឡើងដោយសារមានប្រជាពលរដ្ឋ ដាក់ពាក្យប្តឹងជំទាស់មិនឱ្យ ចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដូចខាងក្រោម៖
១-លោក ឡោ ភិន បានដាក់ពាក្យស្នើសុំអន្តរាគមន៍ដោះស្រាយករណីដែល លោក ឆែ សុធា, លោក ថេង ម៉ុងហួន និងលោក តុប សុវណ្ណ ដាក់ពាក្យប្តឹងជំទាស់លើក្បាលដីលេខ ៩១៤, ៩១៣, ១៣៨៣, ៣១៧៨ និងក្បាលដីលេខ៣១៨១ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មិនឱ្យចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុ
២-លោក អ៊ុក វិធុន បានដាក់ពាក្យស្នើសុំអន្តរាគមន៍ដោះស្រាយ ករណីលោក ឆែ សុធា និងលោកស្រី គង់ ឡាង (ប្តីប្រពន្ធ) ដាក់ពាក្យប្តឹងជំទាស់លើក្បាលដីលេខ ១៣៨៤ និងក្បាលដីលេខ ៣១៨០ មិនឱ្យចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ។
ឆ្លងតាមការបង្ហាញពីសាវតាដីអំពីអ្នកពាក់ព័ន្ធ មន្ទីរអង្គភាពជំនាញ និងលិខិតបទដ្ឋានគតិយុត្តិ អង្គប្រជុំ បានសម្រេច ឯកភាពគ្នា ជារួម រក្សាគោលជំហរ អនុវត្តតាមលិខិតលេខ ១៧៤៦ សជណ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដដែល គឺសម្រេច ទទួលស្គាល់ដីធ្លីរបស់ប្រជាពលរដ្ឋទាំង ៣១គ្រួសារ ដែលមាន ឈ្មោះ ក្នុងបញ្ជី ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលផ្តល់ដីទំហំ ៣២៣ហិកតា ជូនប្រជាពលរដ្ឋ ៣១គ្រួសារតាមបង្កាន់ដៃដែលពួកគាត់កាន់កាប់តាំងពីឆ្នាំ១៩៩៤។ បើតាមការពិនិត្យបញ្ជីឈ្មោះ ប្រជាពលរដ្ឋ ទាំង ៣១គ្រួសារនេះ ឃើញថា មិនមានឈ្មោះលោក ឆែ សុធា, លោកស្រី គង់ ឡាង, លោក ថេង ម៉ុងហួន និងលោក តុប សុវណ្ណ ដែលបានដាក់ពាក្យប្តឹងជំទាស់មិនឱ្យចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវនត្ថុ នៃទីតាំងដីខាងលើឡើយ។
រូបភាព៖ ច័ន្ទ រាជធានី
ខ្លឹមសារ៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង