ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានរៀបចំវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក(អ៊ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានក្រុមមន្ត្រីព័ត៌មានវិទ្យាខេត្តកោះកុង និងលោក ប្រាក់ វិចិត្រ អភិបាលនៃគណ:អភិបាលស្រុក
គោលបំណង នៃវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក(អ៊ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលស្រុក និងបុស្តិ៍រដ្ឋបាលឃុំ សង្កាត់នៅមូលដ្ឋាន សំដៅធានាបង្កើតឱ្យបាននូវក្រុមការងារគ្រប់គ្រងប្រើប្រាស់ និងប្រមូលមតិយោបល់លើទំព័រហ្វេសបុក របស់អភិបាល នៃគណៈអភិបាលស្រុក អធិការនគរបាលស្រុក និងចងក្រងក្រុមការងារតេលេក្រាមសម្រាប់ បូកសរុបរបាយការណ៍ ដើម្បីរាយការណ៍ជូនក្រសួងមហាផ្ទៃ ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះផងដែរ រដ្ឋបាលស្រុក បានបង្ហាញវឌ្ឍនភាពការងារ ដែលបានអនុវត្តនាពេលកន្លងមក បញ្ហាប្រឈម និងផែនការសម្រាប់អនុវត្តបន្ត។