រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សប្រឡងជាប់និទ្ទេស«A» សម្រាប់ឆ្នាំសិក្សា ២០២៣ – ២០២៤

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សប្រឡងជាប់និទ្ទេស«A» សម្រាប់ឆ្នាំសិក្សា ២០២៣ - ២០២៤។

លោកជំទាវអភិបាលខេត្ត បានជម្រាបរាយការណ៍ជូន សម្តេចពិជ័យ សេនា ដោយសង្ខេបអំពី ស្ថានភាពនៃវិស័យអប់រំ យុវជន និងកីឡាខេត្តកោះកុង ដូចតទៅ ខេត្តកោះកុងមាន គ្រឹះស្ថានសិក្សាសាធារណៈ រួមមាន វិទ្យាល័យចំនួន ១២ អនុវិទ្យាល័យ ចំនួន ២០ សាលាបឋមសិក្សា ចំនួន១០៣ សាលាឧបសម្ព័ន្ធ ចំនួន២១ និងមត្តេយ្យសិក្សាមានក្នុងសាលាបឋមសិក្សាចំនួន ៧៦ សមិទ្ធផលសំណង់អគារសិក្សាដែលទទួលបានក្នុងឆ្នាំ២០២៤ រួមមានដូចជា អគារសិក្សាវិទ្យាល័យ ចំនួន ២ខ្នង ២ជាន់ ស្មើ២៤បន្ទប់ និង១ខ្នង១ជាន់ ស្មើ៥បន្ទប់ អគារសិក្សាអនុវិទ្យាល័យ ចំនួន១ខ្នង ១ជាន់ ស្មើ៥បន្ទប់ អគារទីចាត់ការ ចំនួន២ខ្នង ១ជាន់ ស្មើ២បន្ទប់ អគារបណ្ណាល័យ ចំនួន១ខ្នង ១ជាន់ ស្មើ១បន្ទប់ អគារបណិន ចំនួន២ខ្នង ១ជាន់ស្មើ៤បន្ទប់ និងទីលានបាល់ទាត់ ចំនួន១ទីលាន។
ជាមួយនឹងសមិទ្ធផលខាងលើ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចពិជ័យសនា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខមន្ត្រីរាជការ បងប្អូន ប្រជាពលរដ្ឋ និងជាពិសេសកូនក្មួយៗសិស្សានុសិស្សទាំងអស់នៅក្នុងខេត្តកោះកុង ដោយកាលពីដើម ឆ្នាំ២០២៤នេះ សម្តេច បានជួសជុល វិទ្យាល័យថ្មស ចំនួន០១ខ្នងស្មើរនឹង០៥បន្ទប់ និងបានបំពាក់នូវ សម្ភារផ្សេងៗមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រោះថា អគារសិក្សាមួយខ្នងនេះកន្លងមករងការខូចខាតស្ទើរតែទាំងស្រុងតែម្តង។ បន្ថែមពីនេះទៅទៀត, សម្តេច ក៏បានផ្តល់នូវអគារសិក្សា សាលាបឋមសិក្សាថ្មស ចំនួន០២ខ្នង កម្ពស់ពីរជាន់ ស្មើនឹង២៤បន្ទប់ ដែល មួយខ្នងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចពិជ័យសេនា និងលោកជំទាវ និងមួយខ្នងទៀត ជាអំណោយដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ក្រៅពីអគារសិក្សាទាំងពីរនេះ ក៏នៅមានអគារ និងសមិទ្ធផលថ្មីៗបន្ថែមទៀតផងដែរ រួមមាន ទីចាត់ការ បណ្ណាល័យ របង ក្លោងទ្វារ និងតារាងបាល់ទះ ជាដើម។ ហើយសមិទ្ធផលនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងឃុំថ្មស នៃស្រុកបូទុមសាគរ ខេត្តកោះកុង។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូលជាទីគោរព និងស្រលាញ់ រាប់អាន! ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ នាងខ្ញុំក៏សូមអនុញ្ញាតគោរពជម្រាបជូន សម្តេច អំពីលទ្ធផលនៃការសិក្សារបស់ក្មួយៗសិស្សានុសិស្ស តាមរយៈការប្រឡងសញ្ញាបត្រទុតិយភូមិ ចាប់តាំង ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៤ ដូចតទៅ៖ ឆ្នាំសិក្សា២០១៨-២០១៩៖ ចំនួនភាគរយនៃសិស្សានុសិស្សដែលបានប្រឡងជាប់មាន ៥០.៤២% ក្នុងនោះសិស្សដែលទទួលនិទ្ទេស«A» មាន០១នាក់ ឆ្នាំសិក្សា២០១៩-២០២០៖ គឺជារដូវកាលនៃការឆ្លងរាតត្បាតជំងឺកូវិដ-១៩ ដូច្នេះ សិស្សានុសិស្សនៅទូទាំងប្រទេសត្រូវជាប់ទាំងអស់គ្នា ឆ្នាំសិក្សា២០២០-២០២១៖ ចំនួនភាគរយនៃសិស្សានុសិស្សដែលបានប្រឡងជាប់ មានតែ ៤០.៩៨%ប៉ុណ្ណោះ ក្នុងនោះសិស្សដែលទទួលបាននិទ្ទេស«A» មានចំនួន០៤នាក់ ឆ្នាំសិក្សា២០២១-២០២២៖ចំនួនភាគរយនៃសិស្សានុសិស្សដែលបានប្រឡងជាប់ មាន ចំនួន៥៦.៧៥% ក្នុងនោះសិស្សដែលទទួលបាននិទ្ទេស«A» មានចំនួន០៥នាក់ និងឆ្នាំសិក្សា២០២២-២០២៣៖ ចំនួនភាគរយនៃសិស្សានុសិស្សដែលបានប្រឡងជាប់ មាន ចំនួន៦៩.៧៥% ក្នុងនោះសិស្សដែលទទួលបាននិទ្ទេស«A» មានចំនួន០៣នាក់។
ដោយឡែកសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤នេះ បេក្ខជនដែលបានមកប្រឡងមានចំនួន ១១២១នាក់ ស្រី៦០៨នាក់ ក្នុងនោះសិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មានចំនួន៩០៧នាក់ ស្រី៥០៥នាក់ ស្មើនឹង ៨០.៩១% នៃចំនួនសិស្សានុសិស្សដែលបាន មកចូលរួមក្នុងការប្រឡង។ ហើយឆ្នាំនេះ ខេត្តកោះកុងយើងក៏មានសិស្សទទួលបាននិទ្ទេសA»ចំនួន ១៣នាក់ ស្រី០៥នាក់ ក្នុងនោះ នៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង មានចំនួន០៩នាក់ វិទ្យាល័យប៉ាក់ខ្លង មានចំនួន០២នាក់ វិទ្យាល័យថ្មស មានចំនួន០១នាក់ និង វិទ្យាល័យបូទុមសាគរ មានចំនួន០១នាក់។
ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរខាងលើនេះ នាងខ្ញុំសូមឆ្លៀតយកឱកាសនេះ សូមថ្លែង អំណរគុណ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រង សាលា(គ្រប់សាលា) លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងជាពិសេសសប្បុរសជននានា ដែលបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍសាលារៀន និងបានយកចិត្តទុកដាក់ក្នុងការអប់រំ បង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស ឱ្យទទួលបានលទ្ធផលល្អប្រសើរប្រកបដោយគុណភាព គួរជា ទីមោទនៈ។
មុននឹងបញ្ចប់ នាងខ្ញុំសូមយកឱកាសដ៏វិសេសវិសាលនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះ សម្តេចពិជ័យសេនា ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ក្នុងពិធី «សំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និទ្ទេស «A» សម្រាប់ ឆ្នាំសិក្សា២០២៣ - ២០២៤ ដ៏អធិកអធមនេះ ដែលជាសក្ខីភាពបង្ហាញពីការលើកទឹកចិត្តដ៏ធំ ធេងចំពោះរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង៕
ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ December 31, 2024

អត្ថបទទាក់ទង