រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី”ស្ត្រី និងភាពជាអ្នកដឹកនាំ”

លោកបណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី"ស្ត្រី និងភាពជាអ្នកដឹកនាំ"

លោកអភិបាលស្តីទី បានលើកឡើងថា ថ្ងៃនេះ ជំនួសមុខឱ្យ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយ លោកជំទាវ លោក លោកស្រីទាំងអស់ នៅ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ស្ត្រី និងភាពជាអ្នកដឹកនាំ » នាពេលនេះ និងសូម ទទួលស្វាគមន៍នូវវត្តមានរបស់គណៈប្រតិភូក្រសួងកិច្ចនារី ដឹកនាំដោយ លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួង កិច្ចការនារី និងអស់លោក លោកស្រី ដែលបានអញ្ជើញមកពីបណ្តារាជធានី ខេត្តទាំង០៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ព្រះវិហារ កំពង់ឆ្នាំង កំពង់ស្ពឺ ព្រះសីហនុ តាកែវ កណ្តាល និង ខេត្តកោះកុងដែលបានអញ្ជើញចុះមកបំពេញបេសកកម្មនៅលើទឹកដីនៃខេត្តកោះកុង នាពេលនេះ។
ក្រោមម្លប់សន្តិភាព និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱកាសឱ្យខេត្តកោះកុងមានលទ្ធភាពកសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ -ផ្លូវជាតិលេខ៤៨ ស្ពានឆ្លងដៃព្រែក០៤កន្លែង ស្ពានព្រែកកោះប៉ោ ដែលជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់ចាំបាច់បំផុតសម្រាប់ខេត្តកោះកុង។ ហើយបច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ បាននិង កំពុងដំណើរការជួសជុលកែលម្អលើកកម្ពស់គុណភាព។ នៅត្រង់ចំណុចនេះ ក្នុងនាមជាអាជ្ញាធរខេត្ត ឬជាម្ចាស់ផ្ទះ ខ្ញុំក៏សូមការអភ័យទោសផងដែរ ចំពោះការធ្វើដំណើរមកខេត្តកោះកុងយើងខ្ញុំនាពេលនេះ ឃើញថាមានការលំបាកមួយចំនួន ប៉ុន្តែនៅពេលខាងមុខនេះ ក្រោយពីផ្លូវនេះត្រូវជួសជុលរួចរាល់ ជាស្ថាពរ ក្នុងអំឡុង ជាពាក់កណ្តាលឆ្នាំ២០២៥ នោះការធ្វើដំណើរ ទៅមក នឹងមានការលក្ខណៈល្អប្រសើរ។ ក្រៅពីផ្លូវជាតិ លេខ៤៨នេះ ផ្លូវជាតិលេខ១០ មានប្រវែងជាង១៩៨គីឡូម៉ែត្រ តភ្ជាប់ ខេត្តកោះកុង ទៅកាន់ខេត្តពោធិ៍សាត់ បាននិងកំពុងដំណើរការសាងសង់ ដែលគ្រោងនឹងបញ្ចប់ក្នុង ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ -ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀត ដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននឹងកំពុងអភិវឌ្ឍលើទឹកដីខេត្តកោះកុងជាបន្តបន្ទាប់ ដើម្បីលើកស្ទួយជីវភាព ប្រជាពលរដ្ឋនិងដើម្បីប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីដែលមានភាពទាក់ទាញប្រកបដោយ ភាពស្រស់បំព្រង និងផាសុកភាពស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា "តារារៈ នាទិសនិរតី” ។
ឆ្លៀតក្នុងឱកាសនេះ អនុញ្ញាតឱ្យរូបខ្ញុំបាទ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកំណត់ អាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យតាមរយៈការបង្កើនការវិនិយោគលើការលើកកម្ពស់យេនឌ័រនិងបង្កើនភាពអង់អាច ដល់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងក្នុងតួនាទីជាអ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ និងបានពង្រីកការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និងអនុវត្តកម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេសការលើក កម្ពស់សិទ្ធិស្ត្រីឱ្យបានកាន់តែទូលំទូលាយ។
វគ្គបណ្តុះបណ្តាល ស្តីពី « ស្ត្រី និងភាពជាអ្នកដឹកនាំ » នាឱកាសនេះ គឺពិតជាបានស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់នូវយុទ្ធសាស្ត្រចំនួន០៥ សំដៅធានាបាននូវ កំណើតសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ បង្កើតការងារ ជូនពលរដ្ឋ ពង្រឹងអភិបាល កិច្ចល្អ ធានាបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈអាទិភាពគន្លឹះទាំង០៥ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល»។

ត្រង់ចំណុចនេះ ខ្ញុំចង់គូសបញ្ជាក់ថា កត្តាមនុស្ស នៅតែជាចំណុចអាទិភាពទី១ ដែល រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ ដូច្នេះតាមយៈ វគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺពិតជាបានផ្តល់ឱកាសដល់សិក្ខាកាមយើងទាំងអស់ បានអភិវឌ្ឍនិងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីក្លាយទៅជាមូលធនមនុស្សពិតប្រាកដ ដើម្បីចូលរួមចំណែកក្នុង លើកកម្ពស់យេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រីគ្រប់រូប និងដើម្បីចូលរួមក្នុងការអភិវឌ្ឍ ប្រទេសជាតិយើងឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតនៅពេលបន្តិចទៀតនេះ ក្រុមគ្រូឧទ្ទេស នៃក្រសួងកិច្ចការនារី នឹងធ្វើបទបង្ហាញនូវខ្លឹមសារ មេរៀន និងចែករំលែកនូវបទពិសោធន៍ល្អៗ ជូនដល់អស់លោក លោកស្រី ដើម្បីទុកជាមូលដ្ឋាន យកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាពនៅក្នុងអង្គភាពរបស់ខ្លួន។ ជាមួយគ្នានេះ ខ្ញុំក៏សូមស្នើ ដល់ លោក លោកស្រីសិក្ខាកាមទាំងអស់ មេត្តាចូលរួមយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញ របស់គ្រូឧទ្ទេស និងចូលរួមចែករំលែកនូវបទពិសោធន៍ ឬលើកជាសំនួរឱ្យបានជាក់លាក់ ដើម្បីគ្រូឧទ្ទេសជួយឆ្លើយបំភ្លឺផងដែរ៕
ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង