រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្រ្គាម នៅស្រុកមណ្ឌលសីមា

សាខា កក្រក ខេត្តកោះកុង៖ ដើម្បីការ យល់ដឹងអំពីមីន កាកបាទក្រហមកម្ពុជា តែងតែបានធ្វើសកម្មភាព អប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កឡើង ដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្រ្គាម ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយលោក សុខ ភិរម្យ ប្រធានគណៈកម្មាធិការ អនុសាខាស្រុកមណ្ឌលសីមា អាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមជូនដល់ប្រជាពលរដ្ឋសរុបចំនួន៨០ នាក់ ស្រី៣៩នាក់ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា  ខេត្តកោះកុង។

ក្នុងឱកាសនោះលោកនាយកសាខា ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកតា លោកយាយ ប្រជាពលរដ្ឋដោយក្តីនឹករលឹកក្រៃលែង។

ក្រុមការងារ បានឱ្យដឹងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»កាកបាទក្រហមកម្ពុជា បានដាក់បញ្ចូល ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅក្នុងផែនការយុទ្ធសាស្ត្រ២០២១-២០៣០ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះ ក្នុងការងារផ្សេងៗរបស់សាខា។

ក្រៅពីការអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រុមការងារកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះ របួស ពិការ និងគ្រួសារសពដោយសារមីន  នៅតាមបណ្តាសហគមន៍ ឬនៅតាមមន្ទីរពេទ្យដោយផ្ទាល់ ដោយបានទទួលនូវសេវាថែទាំសុខភាព ផ្លូវកាយ- ផ្លូវចិត្ត ព្រមទាំងសម្របសម្រួល ដើម្បីទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា។

អត្ថបទទាក់ទង