រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជា មានសេចក្តីរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធី សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីទៅទទួលការហ្វឹកហ្វឺននៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង របស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីក្រោមឱវាទ ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយរក្សាបាននូវសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរនៅក្នុងខេត្តកោះកុងរបស់យើង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងទៅថ្មីៗនេះ កងកម្លាំងនៃគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបានរៀបចំផែនការ ការពារនិងអនុវត្តបានយ៉ាងល្អប្រសើរដោយពុំមានបញ្ហាអសន្តិសុខ លួច ឆក់ ប្លន់ ឬបង្កជំលោះ វាយតប់អ្វីឡើយ។
បន្តិចទៀតនេះ។ ជាមួយគ្នានេះផងដែរ នាងខ្ញុំសូមផ្តាំផ្ញើរដល់យោធិន នៃកងរាជអាវុធហត្ថដែលទើប ជ្រើសរើសថ្មីទាំង៤១រូប ដែលនឹងចេញដំណើរទៅទទួលការបណ្តុះបណ្តាល ហ្វឹកហ្វឺនត្រូវខិតខំយក ចិត្តទុកដាក់រៀនសូត្រ ដោយត្រូវគោរពច្បាប់ លក្ខន្តិកៈ បទបញ្ជា វិន័យនៃវគ្គហ្វឹកហ្វឺន ឱ្យបានល្អប្រសើរបំផុត ជាពិសេសខិតខំយកបទពិសោធន៍ល្អៗ ពីក្រុមគ្រូបង្វឹក ដើម្បីទុកជាមូលដ្ឋាននៅពេល ត្រឡប់មកបំពេញការងារនៅក្នុងអង្គភាពវិញ។ ប្អូនៗត្រូវចងចាំថា អង្គភាពមួយរឹងមាំ គឺជាអង្គភាពមួយ ដែលមានមន្ត្រីល្អៗប្រកបដោយវិជ្ជាជីវៈ មានចំណេះជំនាញ និងការគោរពវិន័យបានល្អ។ ដូច្នេះប្អូនៗទាំង ៤១រូប ដែលត្រូវបានបញ្ជូនទៅហ្វឹកហ្វឺន នឹងក្លាយទៅជាមន្ត្រីកងយោធពលខេមរភូមិន្ទ ប្រកបដោយ វិជ្ជាជីវៈ មានចំណេះដឹងជំនាញពេញលេញ ហើយអង្គភាពកងរាជអាវុធនៅទីនេះ ក៏ជានៅតាមបណ្តាក្រុង ស្រុក នឹងរង់ចាំទទួលប្អូនៗទាំង៤១រូប ពេលត្រឡប់មកវិញ ដើម្បីយកចំណេះជំនាញដែលប្អូនៗ ទទួលបានពីការខិតខំហ្វឹកហ្វឺន មកបម្រើការងារជូនខេត្តក៏ដូចជាជាតិមាតុភូមិរបស់យើង។ ទន្ទឹមនឹងនោះ នាងខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ ឬអាណាព្យាបាល យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូនចៅមកប្រឡងចូលបម្រើការងារជាមន្ត្រីកងយោធ ពលខេមរភូមិន្ទ ដើម្បីបម្រើប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
មុននឹងបញ្ចប់ នាងខ្ញុំសូមឆ្លៀតយកឱកាសនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ លោកមេបញ្ជាការកងកម្លាំងទាំងបី កងកម្លាំងគ្រប់លំដាប់ថ្នាក់ លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងស្មារតី ចូលរួមរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានយ៉ាងល្អប្រសើរគួរជាទីមោទកៈ ដោយរក្សា បាននូវសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកកំសាន្តលេង នៅទឹកដីខេត្តកោះកុងយើងបានយ៉ាងសប្បាយរីករាយ។
ជាថ្មីម្តងទៀត នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះវត្តមានរបស់ លោកមេបញ្ជាការកងកម្លាំងទាំង០៣ លោកអភិបាលក្រុងខេមរភូមិន្ទ លោកអភិបាលស្រុកមណ្ឌលសីមា លោក លោកស្រីប្រធានមន្ទីអង្គភាព ដែលបានចំណាយពេលវេលាមកចូលរួមក្នុងពិធី សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ដើម្បីទៅទទួលការហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ជាការផ្តល់កិត្តិយសដល់ប្អូនៗទាំង៤១រូប នាពេលនេះ។
ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង