លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើការរៀបចំស្តង់ពិព័រណ៍ខេត្តកោះកុង ដើម្បីចូលរួមពិធីបុណ្យសមុទ្រលើកទី១១ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។ ពិធីបុណ្យសមុទ្រ លើកទី១១ នឹងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១១ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ ខេត្តកោះកុង ដែលជាខេត្តតំបន់ឆ្នេរក៏នឹងមានស្តង់ពិព័រណ៍ដាក់តាំងបង្ហាញផលិតផលរបស់ខេត្ត ក្នុងនោះតាមរយៈកិច្ចប្រជុំពិភាក្សា រដ្ឋបាលខេត្តបានជ្រើសរើសផលិតផលប្រមាណជាង៣០មុខ ដើម្បីចូលរួមព្រិត្តិការណ៍បុណ្យសមុទ្រដ៏សំខាន់នេះផងដែរ។
ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤