នៅព្រឹកថ្ងៃព្រហស្បតិ៍១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំក្រុមការងារទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាការងារ ជាមួយលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដើម្បីអនុវត្តទៅតាមសេចក្ដីសម្រេចស្ដីពីការរៀបស្តីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានីខេត្តរបស់ក្រសួងសុខាភិបាល ។ ក្នុងជំនួបពិភាក្សានេះក្នុងគោលបំណងដើម្បីពង្រឹង និងការលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការបស់មន្ទីរពេទ្យបង្អែកខេត្ត តាមរយៈការអភិវឌ្ឍសមត្ថភាពធនធានដែលមានស្រាប់ដើម្បីផ្ដល់សេវាថែទាំសុខភាពឱ្យកាន់តែមានគុណភាព និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។ បន្ទាប់ពីចុះទស្សនកិច្ច ពិភាក្សាការងារ តាមរយៈការចងសម្ព័ន្ធមេត្រីភាពនេះ មន្ទីរពេទ្យជាតិ តេជោសន្តិភាព នឹងផ្ដល់ការបណ្ដុះបណ្ដាល ណែនាំទ្រឹស្ដីបច្ចេកទេស អនុវត្តគ្លីនិក ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល សល្យសាស្ត្រ សង្គ្រោះបន្ទាន់ សណ្ដំ ផ្នែកមន្ទីរពិសោធន៍ និងផ្នែកសម្ភព ទៅតាមផែនការដែលបានពិភាក្សាទៅតាមជំហាននៃតម្រូវការអាទិភាព ដល់មន្ត្រីពាក់ព័ន្ធ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង តាមរយៈការបណ្ដុះបណ្ដាលដោយផ្ទាល់ និងតាមប្រពន្ធ័និម្មិត Zoom ។
ថ្ងៃព្រហស្បតិ៍១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។



