រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ Mr. Michael Sadlon ប្រធានក្រុមការងារអាហារូបករណ៍អូស្ត្រាលី (Australia Awards) ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ក្នុងការដាក់ពាក្យសុំអាហារូបករណ៍ភាសាអង់គ្លេស ទៅសិក្សានៅប្រទេសអូស្ត្រាលី (Australia Awards)

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ Mr. Michael Sadlon ប្រធានក្រុមការងារអាហារូបករណ៍អូស្ត្រាលី (Australia Awards) ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ក្នុងការដាក់ពាក្យសុំអាហារូបករណ៍ភាសាអង់គ្លេស ទៅសិក្សានៅប្រទេសអូស្ត្រាលី (Australia Awards)។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានចូលរួម ជាអធិបតីក្នុងសិក្ខាសាលា ផ្សព្វផ្សាយ ចែករំលែកព័ត៌មាន និងបែបបទនានា ស្តីពីអាហារូបករណ៍ភាសាអង់គ្លេស និង អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី (Australia Awards) នាពេលនេះ។ ស្ថិតក្នុងឱកាសនេះផងដែរ ជំនួសមុខលោកជំទាវអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះកម្មវិធីអាហារូបករណ៍ Australia Awards ដែលបានសហការជាមួយ រដ្ឋបាលខេត្តកោះកុង ដែលមានទីចាត់ការគ្រប់គ្រងធនធានមនុស្សជាសេនាធិការ បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។ សិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិក អង្គការឯកជន និងនិស្សិតរបស់យើង នៅក្នុងខេត្តកោះកុង ដែលមានបំណងដាក់ពាក្យយក អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ហើយនាពេលបន្តិចទៀតនេះ វាគ្មិនរបស់យើង នឹងធ្វើការចែករំលែកព័ត៌មានលម្អិតអំពីអាហារូបករណ៍នេះ និងអំពីបទពិសោធន៍ល្អៗ ដើម្បីទទួលបានជោគជ័យ ក្នុងការដាក់ពាក្យយកអាហារូបករណ៍នេះផងដែរ។
លោក លោកស្រី ប្អូនៗ សិស្ស និស្សិតទាំងអស់ជាទីមេត្រី ! ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយថាមពល បានបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ជូនដល់ប្រជាពលរដ្ឋទូទាំង ប្រទេសធ្វើឱ្យប្រជាជន និងប្រទេសកម្ពុជា យើងមានកាលានុវត្តភាពល្អ សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទនៈ។ ជាមួយគ្នានេះដែរ ដោយប្រទេសយើងមាននយោបាយការបរទេស សមាហរណកម្ម ក្នុងពិភពលោកតាមគោលការសន្តិសហវិជ្ជមាន ប្រទេសជាតិទាំងមូល មានសន្តិសុខ ស្ថិរភាពពេញលេញ និងស្ថិរភាពនយោបាយនាំឱ្យយើងអាចទាក់ទាញអ្នកវិនិយោគទុនបរទេសធំៗជាច្រើន មកវិនិយោគនៅកម្ពុជាយើង។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានមកលេងកំសាន្តនៅប្រទេស យើងយ៉ាងច្រើនគួរឱ្យកត់សំគាល់ និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកោះកុងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានពង្រឹងកាន់តែប្រសើរ បទល្មើសទាំងឡាយដែលកើតមាន នៅក្នុងភូមិសាស្ត្រខេត្តក៏ត្រូវបានកាត់បន្ថយជាអតិបរមា។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រព័ន្ធផ្លូវលំ ជនបទ និងទីរួមខេត្ត ក៏ត្រូវបានយកចិត្តទុកដាក់សាងសង់ជួសជុលកែលំអជាបន្តបន្ទាប់។ ក្រៅពីនេះសមិទ្ធិផលជាច្រើនទៀតដែលកំពុងបានវិនិយោគ និងកំពុងតែធ្វើសកម្មភាពយ៉ាងខ្លាំងក្លាទាំងលើ វិស័យកសិ-ឧស្សាហកម្ម សេដ្ឋកិច្ច ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិ សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍។ល។ និង។ល។ ទោះបីមានការរីកចំរើនយ៉ាងនេះក្តី ប៉ុន្តែការអភិវឌ្ឍធនធានមនុស្ស នៅតែត្រូវបានរដ្ឋបាល ខេត្តចាត់ទុក ជាគោលនយោបាយអាទិភាព ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ការផ្តល់ឱកាសដល់មន្ត្រីរាជការ សិស្ស និស្សិត អាចបន្តការសិក្សានៅបរទេស គឺ ជាកិច្ចការដ៏មានសារសំខាន់ មួយ សម្រាប់រួមចំណែកពង្រឹងសមត្ថភាពបងប្អូនយើងបន្ថែមទៀត។
អង្គពិធីទាំងមូលជាទីគោរពរាប់អាន ! ប្រទេសអូស្ត្រាលី គឺជាប្រទេសជាមិត្តដ៏ល្អ និងជាប្រទេសដែលបានផ្តល់ជំនួយដល់កម្ពុជា ជា ច្រើនឆ្នាំមកហើយតាមរយៈរដ្ឋាភិបាលអូស្ត្រាលី អង្គការនានា និងសប្បុរសជន មកដល់ពលរដ្ឋកម្ពុជា។ នៅឆ្នាំ២០២៤ នេះកម្មវិធី Australia Awards បានផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតចំនួន ៦២នាក់ ដល់កម្ពុជា ដែលក្នុងនោះមាន ២២នាក់ ជាបុរស និង៣៨នាក់ជាស្ត្រី។ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការ អភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណយុទ្ធសាស្ត្រទី១ ដើម្បីបង្កើននូវសមត្ថភាពរបស់មន្ត្រីរាជការ និស្សិត និងបុគ្គលិកអង្គការឱ្យមានលទ្ធភាពចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ដែលបានសមាហរណកម្មក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះផងដែរ ខ្ញុំសូមលើកទឹកចិត្តឱ្យប្អូនៗសិស្ស និស្សិត មន្ត្រីរាជការយើងទាំងអស់ គ្នានៅទីនេះយកចិត្តទុកដាក់ស្តាប់ និងទទួលបានព័ត៌មានពេញលេញពីវាគ្មិនរបស់យើង ហើយនឹងរៀបចំខ្លួន ដើម្បីទទួលបានអាហារូបករណ៍ នៅឆ្នាំនេះ ឬនៅឆ្នាំក្រោយៗទៀត។
ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរ លោក លោកស្រី ប្អូនៗ និងអង្គពិធីទាំងមូលទទួលបាននូវ ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើក សិក្ខាសាលាផ្សព្វផ្សាយចាប់ពីពេលនេះតទៅ៕
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ January 23, 2025

អត្ថបទទាក់ទង