លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣ - ២០២៤ និងទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥។
លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅបន្តសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។ នាងខ្ញុំសូមពាំនាំនូវការនឹករលឹក និងសួរសុខទុក្ខពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដល់មន្ត្រីអប់រំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ នៅគ្រឹះស្ថានសាធារណៈ និងឯកជន ក៏ដូចជាអង្គការដៃគូសហប្រតិបត្តិការលើវិស័យអប់រំក្នុងខេត្ត ទាំងអស់។ ឆ្លៀតឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះចំពោះ លោក លោកស្រីជាមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានខិតខំជួយអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តកោះកុងយើងឱ្យមានការអភិវឌ្ឍន៍ និងទទួលបានលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ សិក្សា២០២៣-២០២៤។ យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងច្បាស់ថា៖ អង្គសន្និបាតបានពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តការងារអប់រំ យុវជន និងកីឡាក្នុងរយៈពេលពេញមួយឆ្នាំសិក្សាកន្លងមកធៀបនឹងផែនការប្រតិបត្តិប្រចាំឆ្នាំ ក៏ដូចជាផែនការយុទ្ធសាស្ត្រវិស័យអប់រំនិងបានរកឃើញពីចំណុចខ្លាំង ចំណុចខ្វះខាត ដំណោះស្រាយ សំណូមពរ និងទិសដៅសម្រាប់ឆ្នាំសិក្សាថ្មីលើគ្រប់អនុវិស័យ គ្រប់ជំនាញទាំងអស់ រួមនឹងអង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
ឯកឧត្តម រដ្ឋលេខាធិការ ជាទីគោរព! អង្គសន្និបាតទាំងមូលជាទីមេត្រី! ក្នុងនាមរដ្ឋបាលខេត្ត នាងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអង្គសន្និបាតសម្រេចបាន ជាពិសេស សូមគាំទ្រយ៉ាងពេញទំហឹងចំពោះទិសដៅឆ្នាំថ្មីដែលអង្គសន្និបាតបានដាក់ចេញ។
ខ្ញុំសូមរំលឹកជូនថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ការអភិវឌ្ឍមូលធនមនុស្សជាបញ្ចកោណយុទ្ធសាស្ត្រទី១ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ផ្អែកលើយុទ្ធសាស្ត្រនេះក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកស្ទួយវិស័យអប់រំ ឱ្យមានសន្ទុះរីកចម្រើន ប្រកបដោយគុណភាពដូចបណ្តាប្រទេសជឿនលឿនក្នុងតំបន់ និងលើសកលលោក។ ដើម្បីសម្រេចបាននូវការ លើកកម្ពស់គុណភាពវិស័យអប់រំ ប្រមុខរាជរដ្ឋាលភិបាលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់ នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន សាស្ត្រាចារ្យ កម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅ ដោយបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជាពិសេស ការដំឡើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំ២០២៥នេះ បានតម្លើងប្រាក់មុខងារចំនួន ៤០,០០០រៀលបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ ដើម្បីលើកទឹកចិត្តដល់ការបំពេញការងារ របស់លោកនាយក លោកគ្រូ អ្នកគ្រូ ក្នុងឆ្នាំសិក្សានីមួយៗក្រសួងក៏មានកម្មវិធីចុះវាយតម្លៃជ្រើសរើសគ្រូបង្រៀនល្អ នាយកល្អ សាលា រៀនស្អាត ដើម្បីទទួលពានរង្វាន់ សម្តេចតេជោ នៅរាល់សន្និបាតថ្នាក់ជាតិ។ ដោយឡែក លោកនាយក លោកគ្រូ អ្នកគ្រូដែលទទួលបានជ័យលាភីថ្នាក់ខេត្ត តែងតែមានចែកជូននូវប័ណ្ណសរសើរនៅក្នុងសន្និបាត នេះផងដែរ។ ការលើកស្ទួយវិស័យអប់រំ និងការលើកទឹកចិត្តមួយទៀតដែលយើងមិនអាចបំភ្លេចបានគឺការផ្តល់រង្វាន់ ដ៏ថ្លៃថ្លាពីថ្នាក់ដឹកនាំ សម្រាប់សិស្សប្រឡងជាប់និទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សម្រាប់ខេត្ត កោះកុងក្នុងឆ្នាំ សិក្សា២០២៣-២០២៤នេះ មានសិស្សជាប់និទ្ទេសAចំនួន ១៣នាក់ ស្រី០៥នាក់ ដែលទទួលបានរង្វាន់ដ៏ថ្លៃថ្លា និងជាទីគាប់ចិត្តពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទទួលបានពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ហើយនៅថ្នាក់ជាតិ ទើបនឹងទទួលបានការអនុញ្ញាតចូលជួប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសំណេះសំណាល និងទទួលរង្វាន់កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។សមិទ្ធផលទាំងអស់នេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ជានិច្ចកាលរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ចំពោះវិ ស័យអប់រំ យុវជន និងកីឡាជាវិស័យអាទិភាព។
អង្គសន្និបាតទាំងមូលជាទីមេត្រី! តាមរយៈលទ្ធផលសន្និបាតអប់រំនាឱកាសនេះ ខ្ញុំសង្ឃឹមថាការងារអប់រំ យុវជន និងកីឡា របស់ខេត្តកោះកុង នឹងមានដំណើរការល្អប្រកបដោយគុណភាព និងប្រសិទ្ធភាពថែមទៀតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
នាងខ្ញុំសូមទាញការចាប់អារម្មណ៍មួយចំនួនដូចខាងក្រោម : ១-ត្រូវខិតខំសម្របសម្រួលរកវិធីដោះស្រាយលើគ្រប់បញ្ហាប្រឈមដែលសន្និបាតបានរកឃើញដោយសហ ការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ ក៏ដូចជាស្នើសូមអន្តរាគមន៍ទៅក្រសួងអប់រំ យុវជន និងកីឡា
២-ត្រូវអនុវត្តយុទ្ធនាការប្រមូលកុមារដែលមានអាយុ ៣ឆ្នាំដល់ ៥ឆ្នាំឱ្យចូលរៀនថ្នាក់មត្តេយ្យ និងបន្តទៅថ្នាក់បឋមសិក្សា ឱ្យឆ្លើយតបទៅនឹងចំណុចដៅនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំថ្នាក់ជាតិ មត្តេយ្យសហគមន៍នៅស្រុកថ្មបាំង ៣កន្លែងដែលមិនទាន់បានចូលជាស្តង់ដា។
៣-ត្រូវចុះជួយនាយកសាលា និងគ្រូបង្រៀន តាមរយៈការងារពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីឱ្យពួកគាត់ អាចអនុវត្តគោលការណ៍ សេចក្តីណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា បានត្រឹមត្រូវ និងទាន់ពេល វេលា ពិសេសសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ ឱ្យបានគ្រប់គ្រឹះស្ថានសិក្សា ធានាបាននូវគុណ ភាពអប់រំ កាន់តែប្រសើរឡើង។
៤-ស្នើលោក លោកស្រី អភិបាលក្រុង-ស្រុក ជម្រុញនិងអនុញ្ញាតឱ្យការិយាល័យអប់រំ យុវជន និងកីឡានៃ រដ្ឋបាលក្រុង ស្រុក យកចិត្តទុក និងសហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឱ្យបានជិតស្និទ្ធ ទំនាក់ទំនង ដោះស្រាយរាល់បញ្ហាប្រឈមនានានៅតាមសាលារៀន ការងារបច្ចេកទេសបង្រៀន និងរៀនឱ្យបានជាប្រចាំ។
៥-ខិតខំកាត់បន្ថយឱ្យបានអត្រាត្រួតថ្នាក់ អត្រាបោះបង់ការសិក្សា ទាំងនៅបឋមសិក្សា និងនៅមធ្យមសិក្សា បង្កើនអត្រាឆ្លងភូមិសិក្សាពីបឋមសិក្សាទៅមធ្យមសិក្សាបឋមភូមិ ពិសេសបង្កើនលទ្ធផលប្រឡងជាប់សញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិ (ធ្វើយ៉ាងណាឱ្យទទួលបាននិទ្ទេសA កាន់តែច្រើនថែមទៀត)។
៦-ពង្រឹង និងពង្រីកសកម្មភាពក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន យុវជនកាកបាទក្រហម និងកាយរឹទ្ធិជាតិកម្ពុជា នៅតាមគ្រឹះស្ថានសិក្សាសម្រាប់ជួយដល់សាលារៀន ចូលរួមជាមួយសកម្មភាពសង្គម និងធ្វើជាគំរូល្អដល់ សិស្សានុសិស្សក្នុងសាលាជៀសផុតពីក្រុមក្មេងទំនើង ក្រុមសេពគ្រឿងញៀន និងសកម្មភាពអវិជ្ជមានផ្សេងៗទៀត។
៧-បង្កើនការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនទាំងសាលាគាំទ្រដោយគម្រោងកែលម្អសាលារៀន ចំណេះទូទៅជីព (GEIP) និងសាលារៀនទូទៅ ឱ្យមានដំណើរការល្អប្រកបដោយប្រសិទ្ធភាព។
៤-ត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់នៅពេលឃើញមានវត្តមានក្មេងទំនើង នៅក្នុងនិងជុំវិញបរិវេណ សាលារៀន។
ជាថ្មីម្តងទៀត នាងខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃអង្គសន្និបាតអប់រំ យុវជន និងកីឡាដែលបានរៀបចំឡើងនាពេលនេះ ហើយសង្ឃឹមថាឆ្នាំសិក្សាថ្មី ២០២៤-២០២៥ យើងនឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ខេត្តកោះកុងឱ្យកាន់តែ ប្រសើរឡើង។ ខ្ញុំសូមប្រសិទ្ធិពរជ័យជូនចំពោះឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា គណៈអធិបតី លោក លោកស្រី ភ្ញៀវកិត្តិយស អង្គការដៃគូអភិវឌ្ឍន៍ សមាជិក សមាជិកានៃអង្គសន្និបាតទាំងអស់ សូមមានសុខភាពល្អ ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យការធ្វើដំណើរនិវត្តទៅកាន់មូលដ្ឋានវិញប្រកប ដោយសុខសុវត្ថិភាព៕
ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ January 22, 2025






















